ក្រសួងដាក់រថយន្តពិសោធន៍ចល័ត២គ្រឿង ត្រួតពិនិត្យគីមីក្នុងបន្លែផ្លែឈើ នៅផ្សារនាគមាស និងតាមបណ្តោយផ្លូវព្រះមុនីរ៉េត
ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន ២ គ្រឿងចុះទៅពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្មក្នុងទំនិញ បន្លែ ផ្លែឈើដែលបោះដុំនៅផ្សារនាគមាស ខណ្ឌទួលគោក និងទីតាំងបោះដុំផ្សេងទៀតស្ថិតនៅក្រោយវិទ្យាល័យទួលស្វាយព្រៃ និងតាមបណ្តោយមហាវិថីព្រះមុនីរ៉េត ក្នុងភូមិសាស្រ្តខណ្ឌបឹងកេងកង។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីលោក ផាន អូន អគ្គនាយក ក.ប.ប. ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ខណ្ឌបឹងកេងកង គណៈកម្មការផ្សារនាគមាស និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដើម្បីធានាបាននូវទំនិញជាបន្លែ និងផ្លែឈើទាំងនោះ មានភាពអនុលោមផ្នែកម្ហូបអាហារ ដែលមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលបង្កជាគ្រោះដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
ទំនិញជាបន្លែ និងផ្លែចំនួន ៧៧ គំរូដែលមានប្រភពផ្សេងៗគ្នា ដូចជា ផលិតក្នុងស្រុក ផលិតផលនាំចូលពីប្រទេសចិន វៀតណាមជាដើម ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យ និងយកគំរូមកវិភាគភ្លាមៗនៅក្នុងរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ។ ជាលទ្ធផល គឺផលិតផលទាំង៧៧គំរូនេះ សុទ្ធតែមានភាពអនុលោមផ្នែកម្ហូបអាហារ។
ទន្ទឹមនោះដែរ មន្ត្រីជំនាញនៃអគ្គនាយដ្ឋាន ក.ប.ប. ក៏បានណែនាំដល់អាជីវករ ទិញ លក់ ទំនិញជាបន្ថែ និងផ្លែឈើទាំងអស់ ត្រូវមានវិក្កយបត្រទិញ លក់ និងត្រូវដឹងពីប្រភពនាំចូលច្បាស់លាស់ ដើម្បីពេលមានបញ្ហាកើតឡើង បង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. កំណត់អត្តសញ្ញាណប្រភពនាំចូល និងស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕