កំហឹង ពលរដ្ឋចំនួន៧៥នាក់ នាំគ្នាដុតកម្ទេច ទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២កន្លែង ក្នុងស្រុកតាវែងឆេះម៉ត់គ្មានសល់...!
ខេត្តរតនគិរី ÷ ទីស្នាក់ការប៉ុស្តិ៍ឧទ្យានជាតិវរៈជ័យចំនួន២ខ្នង ត្រង់ចំណុចអូរឡាប៉ង ស្ថិតក្នុងភូមិតាបូក ឃុំតាវែង លើស្រុកតាវែង ខេត្តរតនគិរីត្រូវ
ឆេះខ្ទេចខ្ទីអស់ខណះពេលប្រជាពលរដ្ឋចំនួន៧៥នាក់ បានលើកគ្នាសម្រុកទៅដុតបំផ្លាញចោលករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨,៤០នាទីព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២០។
បើតាមរបាយការណ៍របស់លោក ស៊ូ វណ្ណធិន អភិបាលស្រុកតាវែងបានឱ្យសារព័ត៍មានដឹងថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងឧទ្យានុរក្សសហការជាមួយកម្លាំងអធិការនគរបាលស្រុកតាវែង និងកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលឃុំតាវែងលើបានចុះទៅពិនិត្យទីតាំងប្រជាពលរដ្ឋកាប់ដីចំការក្នុងតំបន់ច្រករបៀង ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានដើម្បីស្រង់ស្ថិតិប្រជាពលរដ្ឋដែលបានរុករានទន្ទ្រានដីព្រៃរដ្ឋនៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ ហើយដែលកន្លងមកធ្លាប់បានធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យារវាងមន្ត្រីឧទ្យានុរក្សនិងប្រជាពលរដ្ឋទាំងនោះថាមិនអនុញ្ញាតឲ្យពួកគាត់កាប់រុករានទន្ទ្រានបន្តទៀតទេ និងឲ្យពួកគាត់រុះរើខ្ទមរបស់ពួកគាត់ទាំងអស់ចេញពីតំបន់អភិរក្ស។
ប៉ុន្តែនៅពេលដែលក្រុមឧទ្យានុរក្សចុះទៅពិនិត្យមើលម្តងទៀតឃើញខ្ទមទាំងនោះមិនបានរុះរើទេ ឯម្ចាស់ខ្ទមក៏មិននៅ ក្រុមការងារឧទ្យានុរក្សក៏ដុតខ្ទមចំការធ្វើអំពីឈើប្រក់តង់កៅស៊ូអស់ចំនួន២ខ្ទម ឯចំណែកខ្ទម២ទៀតមានម្ចាស់នៅក្រុមការងារក៏បានប្រាប់ឲ្យម្ចាស់ខ្ទមចំការរុះរើដោយខ្លួនឯងហើយព្រមទាំងដកហូតបានរណារយន្តពីប្រជាពលរដ្ឋដែលកំពុងផែឈើធ្វើខ្ទមចំនួន ០២គ្រឿងយកមករក្សាទុកនៅទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែងផងដែរ។របាយការណ៍របស់សមត្ថកិច្ចបានបន្តអោយសារព័ត៌មានដឹងទៀតថា ដោយសារតែមានគំនុំជាមួយមន្ត្រីឧទ្យាននុរក្ស ទើបពួកគេគៀរគរគ្នាមានមនុស្សជិត៧៥នាក់ មកដុតបំផ្លាញទីស្នាក់ការឧទ្យានជាតិវរៈជ័យ នោះចោលតែម្តង។
សម្ភារៈខូចខាតរួមមាន៖ អង្ករចំនួន១បេ, ឆ្នាំងចំនួន៦, អង្រឹងចំនួន៤, អាគុយចំនួន១, កានដាក់ទឹកចំនួន៣, ក្តារងឿប្រភេទឈើកកោះចំនួន២សន្លឹក។ទាក់ទងនឹងសកម្មភាពប្រជាពលរដ្ឋលើកគ្នា មកដុតបំផ្លាញទីស្នាក់ការចោលខាងលើនេះដែរលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានសារព័ត៌មានដឹងដែរថា ពួកគាត់លើកគ្នាមកដុតបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ត្រូវតែប្រឈមមុខចំពោះមុខច្បាប់។ លោកលោកបានបន្តឲ្យសារព័ត៌មានដឹងទៀតថា ឥលូវនេះលោកបានកំណត់មុខសញ្ញាមេខ្លោងបានហើយ កំពុងតែរៀបចំឯកសារបញ្ជូន ទៅសាលាដំបូងខេត្តរតនគិរី ដើម្បីផ្តន្ទាទោសតាមច្បាប់៕