អនុប្រធានាធិបតីអាមេរិក Mike Pence អនុវត្តវិធានការនៅដាច់ពីគេ បន្ទាប់ពីអ្នកនាំពាក្យលោកឆ្លងជំងឺ COVID-19
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានសម្រេចចិត្តដាក់ខ្លួនឯងឱ្យនៅឆ្ងាយពីអ្នកដទៃ បន្ទាប់ពីអ្នកនាំពាក្យម្នាក់របស់លោក ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន AP ដោយផ្អែកលើការស្រង់សម្ដី ពីអ្នកនាំពាក្យម្នាក់របស់លោក Pence បានបញ្ជាក់យ៉ាងដូច្នេះថា «លោកអនុប្រធានាធិបតី Pence នឹងបន្តធ្វើតាមការប្រឹក្សាយោបល់ ពីអង្គភាពសុខាភិបាលសេតវិមាន តែលោកមិនមែនកំពុងស្ថិតនៅក្រោមការអនុវត្ត វិធានការចត្តាឡីស័កនោះទេ»។ អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា លោកអនុប្រធានាធិបតីត្រូវបានធ្វើតេស្ដអវិជ្ជមាន ហើយមានគម្រោងត្រឡប់ទៅបំពេញការងារនៅឯសេតវិមានវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ។
គួរជម្រាបថា លោក Mike Pence ជាប្រធានអង្គភាពពិសេសប្រយុទ្ធប្រឆាំង COVID-19 គឺជាមន្ត្រីជាន់ខ្ពស់ និងចុងក្រោយបំផុតរបស់រដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានអនុវត្តវិធានការនៅដាច់ដោយឡែកពីអ្នកដទៃ ឬជៀសវាងទំនាក់ទំនងសង្គម បន្ទាប់ពីអ្នកនាំពាក្យម្នាក់របស់លោក គឺលោកស្រី ខេធី មីល្លឺ (Katie Miller) ឆ្លង COVID-19 កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន៕