ឈាមស្រែកស្បែកហៅ ឃាតករ ដែលសម្លាប់ប្រពន្ធខ្លួនឯង និង កូនក្នុងពោះ ៥ខែ ពេលនេះត្រូវសមត្ថកិច្ចចាប់បានហើយ
ជនដៃដល់ជាប្ដីឈ្មោះ កែវ វណ្ណៈ ហៅណាក់ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងដីឡូតិ៍គ្មានលេខ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ចំណែកឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ស្រីពៅ អាយុប្រហែល៣៥ឆ្នាំ មានផ្ទៃពោះប្រហែល៥ខែ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
សូមរម្លឹកផងដែរថា ហេតុការណ៍ឃាតកម្មប្តីសម្លាប់ប្រពន្ធទាំងមានកូនក្នុងផ្ទៃ៥ខែនេះកើតឡើងនៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
មុនពេលកើតហេតុ កុមារម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ថា ខណៈរូបគេកំពុងអង្គុយលេងហ្គេមទូរស័ព្ទនៅផ្ទះ ដែលស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ស្រាប់តែលឺសំឡេងឈ្មោះ កែវ វណ្ណៈ ដែលរស់នៅក្នុងដីឡូត៍ក្បែរផ្ទះ បានស្រែកឲ្យប្រពន្ធថា ខាំអណ្តាតធ្វើអី ហើយជនសង្ស័យឈ្មោះ កែវ វណ្ណៈ បានជិះកង់គេចខ្លួនបាត់។
ក្រោយមកឈ្មោះ យន់ មករា បានទូរស័ព្ទប្រាប់ម្តាយរបស់ខ្លួនឲ្យបានដឹងរឿង ក៏ផ្អើលឆោឡោឡើងភ្លាមៗនោះ នៅវេលាម៉ោង ៨:២០នាទីយប់ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានចុះមកដល់កន្លែងកើតហេតុ ក៏ឃើញជនរងគ្រោះដេកស្លាប់ ដោយមានពូថៅដងឈើនៅក្នុងមាត់ និងមានស្កុតថ្លា១ដុំនៅក្បែរខ្លួនសព។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានធ្វើការទំនាក់ទំនងទៅការិយាល័យជំនាញកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការពិនិត្យមើលសាកសពស្ត្រីរងគ្រោះខាងលើ និងបានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយសារការថប់ដង្ហើម បណ្ដាលមកពីយកពូថៅ ញាត់មាត់។