នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យជនជាតិនីហ្សេរីយ៉ា២នាក់ និងស្ត្រីជនជាតិខ្មែរម្នាក់ ក្រោយឆបោកលុយពីបុរសម្នាក់ អស់ ១០៧៥០ដុល្លារអាមេរិក
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៩ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យចំនួន ៣នាក់នេះរួមមាន ៖
ទី១ឈ្មោះ NDEKWEANTHONYCHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា
ទី២ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ
ទី៣ឈ្មោះ ស្រី នី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះនាក់ទាំង០៣ស្នាក់នៅផ្ទះជួល ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩និង៤៥នាទី មានគណនីហ្វេសប៊ុក ឈ្មោះ Favour Grace Williams ដែលដាក់ រូបមនុស្សស្រីនៅលើProfile បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះ ឈ្មោះ គ.ស.វ ភេទប្រុស អាយុ៤៦ឆ្នាំ ដែលមានហ្វេសប៊ុក សុំធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះ រួចជនរងគ្រោះក៏បានផ្ញើសារតបទៅវិញព្រោះគិតថា គ្រាន់តែសុំរាប់អានគ្នា ។
បន្ទាប់មកឈ្មោះ Favour Grace Williams បានផ្ញើសារអំពីព័ត៌មានផ្ទាល់ខ្លួនរបស់គេ ប្រាប់ជនរងគ្រោះ ថែមទាំងបានផ្ញើលិខិតឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជាជនជាតិអាមេរិក ធ្វើការជាគិលានុបដ្ឋាយិការយោធា បម្រើការងារនៅជំរុំយោធា ក្នុងក្រុងដាម៉ាស ប្រទេសស៊ីរី ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើសារមកជនរងគ្រោះថា រូបគេចង់ពិភាក្សាអ្វីមួយដែលសំខាន់ជាមួយជនរងគ្រោះ គឺថារូបគេ រើសបានប្រអប់មួយនៅក្រោមដើមឈើ ដែលនៅក្នុងប្រអប់នោះមានទឹកប្រាក់យ៉ាងច្រើនទៅដល់ ៣,៥ លាន ដុល្លារអាមេរិក ហើយរូបគេចង់យកលុយនោះមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយឲ្យជនរងគ្រោះអ្នកទទួលលុយនោះ នៅក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែឲ្យជនរងគ្រោះផ្ញើអាស័យដ្ឋានរបស់ជនរងគ្រោះទៅរូបគេសិន រួចជនរងគ្រោះក៏បានផ្ញើអាសយដ្ឋានទៅឲ្យគេ ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើកញ្ចប់អីវ៉ាន់ និងវិក្កយបត្រផ្ញើអីវ៉ាន់តាមក្រុមហ៊ុនដឹក ជញ្ជូនមកឲ្យជនរងគ្រោះបានឃើញជាមុនសិន ។
បន្ទាប់មកនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ប្រហែល ០៨:០០នាទីព្រឹក ជនរងគ្រោះកំពុងតែនៅខេត្តកំពត ស្រាប់តែមានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ មិនស្គាល់ឈ្មោះ ភេទប្រុស បានប្រើលេខទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ តេទូរស័ព្ទចូលលេខ ០៩៦ ៨៩៨ ៥៥៥៩ របស់ជនរងគ្រោះប្រាប់ថា អីវ៉ាន់របស់បងមកដល់ហើយ សូមបងចាំទទួលអីវ៉ាន់ មួយសន្ទុះបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនខាងលើ ក៏បានប្រើលេខទូរស័ព្ទលេខ ០៩៣ ២១ ៩៩ ៦១ ដដែល ចូលមកលេខទូរស័ព្ទជនរងគ្រោះម្តងទៀត ប្រាប់ថា អីវ៉ាន់ដែលផ្ញើមកនោះ ត្រូវបង់ពន្ធចំនួន ៧៥០ ដុល្លារ អាមេរិក តម្រូវឲ្យជនរងគ្រោះផ្ញើលុយទៅឲ្យរូបគេ រួចជនរងគ្រោះក៏បានផ្ញើលុយចំនួន ៧៥០ ដុល្លារអាមេរិកនោះទៅតាមភ្នាក់ងារវីងនៅខេត្តកំពត ក្រោយមកលេខទូរស័ព្ទខាងលើ បាននិយាយហេតុផលផ្សេងៗ ធ្វើឲ្យជនរងគ្រោះផ្ញើលុយឲ្យរូបគេ តាមភ្នាក់ងារវីង នៅក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ អស់លុយសរុបចំនួន ១០៧៥០ ដុល្លារ (មួយម៉ឺនសូន្យពាន់ប្រាំពីររយហាសិបដុល្លារអាមេរិក) ហើយជនរងគ្រោះពុំបានទទួលអីវ៉ាន់អ្វីសោះ ។
ប្រភពដដែលបន្តថាលុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០នាទី លេខទូរស័ព្ទខាងលើ គឺមានមនុស្សស្រីមិនស្គាល់ឈ្មោះ បានទូរស័ព្ទចូលមកលេខរបស់ជនរងគ្រោះ តម្រូវឲ្យជនរងគ្រោះផ្ញើលុយទៅឲ្យរូបគេ ចំនួន១០០០០ ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ថែមទៀត ទើបជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ ដើម្បីឲ្យសមត្ថកិច្ចឃាត់ខ្លួនក្រុម ជនសង្ស័យខាងលើ យកមកធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។
ក្រោយទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះភ្លាម សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានទៅសហការជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ នៅចំណុចបុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕