ឃោរឃៅណាស់ស្ត្រីម្នាក់យកកាំបិតអារកនិងឆ្កូតមុខក្មេងស្រីម្នាក់បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៣:១៥នាទីសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រ្តីដៃដល់ខាងលើឈ្មោះ លីវ ប៊ុន ធឿន អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ៦ ផ្លូវលេខ២៦ បុរីភពថ្មីឈូកវ៉ា២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ។
ក្រោយពេលចាប់ខ្លួនស្រ្តីនោះបាននិយាយថា គាត់ខឹងខ្លាំងណាស់ដេកអត់លក់២យប់ហើយ ដោយសារតែក្មេងស្រីខាងលើធ្វើឲ្យកូនគាត់ចេញឈាម ហើយត្រូវដឹងថាកូនគាត់ធំឡើងជាតារាផង ដូច្នេះគាត់សុំត្រឹមតែឲ្យក្មេងស្រីនេះចេញឈាមវិញដូច ជាកូនគាត់វិញប៉ុណ្ណោះ។
ហើយនៅវេលារសៀលថ្ងៃកើតហេតុគាត់បានទៅទិញកូនកាំបិតរួចក៏ចាប់ក្មេងស្រីនោះអារនិងឆូតមុខ ច្រមុះ និងដៃព្រមទាំងកតែម្ដង នេះជាការតបស្នងហើយអ្នកដាំផ្លែអ្វីគឺបានផលនោះអ៊ីចឹងហើយ។
រីឯក្មេងស្រីរងគ្រោះឈ្មោះ ឡាស់ម៉ាវី លីយ៉ា អាយុ៥ឆ្នាំ រងរបួស ផ្ទៃមុខ ច្រចុះ ក និងដៃ នាងមានទីលំនៅផ្ទះលេខ១៨ ផ្លូវលេខ២០ បុរីភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម អ្នកភូមិបាននិយាយថា រឿងហេតុនេះផ្ដើមពីការកាន់ជើងកូនខ្លាំងពេកនិងខ្វះការពិចារណាវែងឆ្ងាយ ដោយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កូនប្រុសរបស់ស្រ្តីដែលជាជនដៃដល់ខាងលើបាន រើសដុំថ្មគប់ដាក់ក្មេងស្រីរងគ្រោះ ហើយក៏ត្រូវក្មេងស្រីរងគ្រោះគប់តបតវិញ បណ្ដាលឲ្យត្រូវក្បាលរងរបួសបែករយះដេរ២ថ្នេរ ដោយពេលនោះម្ដាយក្មេងស្រីរូបនោះក៏បានជួយបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
បន្ទាប់មក្មេងស្រីរូបនោះអត់ហ៊ានដើរលេង២ថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ទើបហ៊ានចេញដើរលេងហើយដើរកាត់មុខផ្ទះស្រ្តីដៃដល់រូបនោះ ក៏ត្រូវបានស្រ្តីនេះស្ទុះចូលទៅចាប់ក្រកៀក យកកាំបិតទើបនិងទិញថ្មីៗដើម្បីអារកសម្លាប់ចោល ប៉ុន្តែពេលនោះក្មេងស្រីរងគ្រោះបានស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើល ទើបស្រ្តីដៃដល់នោះឆូតមុខ ឆូតច្រមុះ ដៃនិង ក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចទើបរត់ចូលទៅពួនសម្ងំនៅក្នុងផ្ទះ។
ក្រោយមកនគរបាលប៉ុស្តិ៍សំរោងក្រោម និងនគរបាលប៉ុស្តិ៍កាកាប២ បានចេញអន្តរាគមន៍រហូតឈានដល់ការឃាត់ខ្លួនបាននាំយកទៅសាកសួរនិងចាត់ការតាមច្បាប់៕