ពេលថ្មីៗនេះមានការកើតឡើងអំពីការតេបោកបញ្ឆោត (Scam) មួយប្រភេទដែលកំពុងរីករាលដាលចំពោះអ្នកប្រើប្រាស់កម្មវិធីធនាគារ (Bank App)
ការតេបោកបញ្ឆោតនោះគឺ ជនខិលខូចបានតេទៅ អ្នកដែលមានប្រើកម្មវិធីធនាគារ ជាពិសេសគឺអ្នកប្រកបមុខរបរអនឡាញដែលបានបង្ហាញ ទាំងលេខទូរសព្ទ និងលេខគណនីធនាគារ នៅតាមបណ្ដាញសង្គមនោះថា បានឈ្នះរង្វាន់ជាសាច់ប្រាក់ពីធនាគារ។ បន្ទាប់ពីបាននិយាយបញ្ចុះបញ្ចូល ឬបន្លែបន្លំអ្នកប្រើប្រាស់មួយសន្ទុះក្រោយមក ពួកគេក៏ឱ្យអ្នកប្រើប្រាស់ផ្ដល់លេខកូដដែលបានទទួលពីធនាគារ ហើយពួកជនខិលខូចក៏ប្រើលេខកូដនោះ ដើម្បី login ចូលទៅក្នុងគណនីរបស់ជនរងគ្រោះហើយធ្វើការផ្ទេរប្រាក់ចេញពីគណនីធនាគារ។
ដើម្បីចៀសវាងការខាតបង់ប្រាក់កាសរបស់លោកអ្នក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំប្រជាពលរដ្ឋទាំងអស់ កុំផ្ដល់ទិន្នន័យទាំងឡាយណាដែលទាក់ទងនឹងធនាគារ ពេលដែលមានការស្នើសុំតាមរយៈការផ្ញើសារ ឬការតេចូលក្តី។ លោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅលេខទូរសព្ទរបស់ធនាគារផ្ទាល់ដើម្បីបញ្ជាក់ពីការស្នើសុំទិន្នន័យទាំងអស់នោះ។ ព័ត៌មានដែលលោកអ្នកមិនត្រូវឱ្យគេដឹងមានដូចជា៖
- លេខសម្ងាត់ ឬលេខ Pin សម្រាប់ប្រើប្រាស់កាតធនាគារ
- លេខកូដដែលទទួលបានពីធនាគារដើម្បីធ្វើការ login ចូលទៅក្នុងកម្មវិធី (Bank App)
- លេខកាតទាំង 16 ខ្ទង់ ឬលេខ cvv ដែលនៅខាងក្រោយកាត៕ ប្រភព អគ្គនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា