ចោរកាត់សោរទ្វារតូបចូលលួចយកទូរសព្ទ័ជាង១០០គ្រឿងផ្សារក្រុងកំពង់ចាម ខេត្តកំពង់ចាម
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា តូបលក់ទូរស័ព្ទមួយកន្លែងដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពគាស់ចូលលួចទូរស័ព្ទខាងលើនេះយីហោ ជា សុផល ស្ថិតក្នុងភូមិទី១២ សង្កាត់កំពង់ចាម មានម្ចាស់ឈ្មោះរិន សុកខី ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តថា នៅពេលម្ចាស់តូបចេញពីផ្ទះមកដល់តូបរបស់ខ្លួននាព្រឹកថ្ងៃទី៦ សីហា នោះ ស្រាប់តែឃើញទ្វាររបើកសោរ និងបាត់ទូរស័ព្ទនៅក្នុងទូ ក៏ប្រញាប់រាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ ដើម្បីឱ្យចុះមកពិនិត្យ ។
ក្រោយពីទទួលបានព័ត៌មានខាងលើនោះភ្លាម លោកអធិការនគរបាលក្រុងកំពង់ចាម បានចាត់ឲ្យកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លជំនាញបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្ត ចុះធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ឃើញស្នាមគាស់ទ្វារតូបជ្រុងខាងកើត ជាមួយនោះក៏មានសម្ភារៈបាត់បង់រួមមាន ទូរស័ព្ទជាច្រើនប្រភេទអស់ចំនួន១១០គ្រឿង ។
ម្ចាស់តូបមានជំនឿមុតមាំលើសមត្ថកិច្ចថា មិនយូរប៉ុន្មាននោះទេ អាចនឹងស្រាវជ្រាវរកឃើញក្រុមជនសង្ស័យគាស់តូបរបស់គាត់ជាក់ជាមិនខានឡើយ៕