យុវជន៤នាក់ បានតាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ចុះចាប់ពលរដ្ឋគ្មានទោសកំហុស បង្កឲ្យមានការភ្ញាក់ផ្អើល
យុវជន៤នាក់ បានតាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ125 ចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងគ្មានស្លាកលេខ និងមួយគ្រឿងទៀត ស្លាកលេខក្លែងក្លាយ គ្មានកញ្ចក់ និងមិនពាក់មួកសុវត្ថិភាព គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួន ប្រដាប់ដោយវិទ្យុទាក់ទងជាប់និងចង្កេះ បានធ្វើការប្រដេញយុវជន២នាក់ ពីក្នុងកោះពេជ្រដោយមិនមានបទល្មើសចោទប្រកាន់ច្បាស់លាស់ ផ្អើលពេញសង្កាត់ទន្លេបាសាក់ ត្រូវកម្លាំងល្បាតប៉ុស្តិ៍នគរបាលទន្លេបាសាក់ ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការសាកសួរនាំ។
យុវជនទាំងបួននាក់ ដែលអះអាងថាខ្លួនជាកូនខ្លារបស់អាវុធហត្ថខណ្ឌដូនពេញ នោះរួមមាន៖
១-ឈ្មោះ លឹម ជីវ័ន្ត ហៅខួច អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
២-ឈ្មោះ ហាក់ ភារ៉ា អាយុ២៨ឆ្នាំ មុខរបរលក់ម៉ូតូ ស្នាក់នៅផ្ទះលេខ10D ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
៣-ឈ្មោះ កែវ តារាសិរីវឌ្ឍ អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៤។
៤-ឈ្មោះ ទី វិរ: អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ១០៨ ផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ។
បន្ទាប់ពី សួរនាំនៅប៉ុស្តិ៍នគរបាលរួចរាល់ទើបដឹងថា ជារឿងយល់ច្រឡំគ្នាហើយក៏មាន វត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចេញមុខសុំទោសចំពោះកំហុសកូនចៅខ្លួន ដោយមានការយោគយល់និងអធ្យាស្រ័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក៏បានធ្វើការអប់រំ និងអោយកម្លាំងអាវុធហត្ថខណ្ឌដូនពេញធានាខ្លួនយុវជនទាំងបួននាក់ត្រលប់ទៅវិញ ៕