លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម បញ្ជាកម្លាំងធានាឲ្យបានសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសឈប់សម្រាក៥ថ្ងៃនេះ
ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសដែលរាជរដ្ឋាភិបាលអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិក កម្មករ ឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។
ពិធីនេះ ប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយ នាយរងការិយាល័យ លោក អធិការនគរបាលស្រុក ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបអ្នកចូលរួមមានចំនួន៣០៦នាក់។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានណែនាំដល់តាមបណ្តាការិយាល័យជំនាញ អធិការនគរបាលទាំង១០ស្រុក ក្រុង និងប៉ុស្តិ៍ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ លើការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋតាមដងផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសទប់ស្កាត់ឲ្យបាននូវគ្រប់ករណី បទល្មើស ។ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្ន ដើម្បីចូលរួមបង្កា និងទប់ស្កាត់កុំឲ្យមានករណីអគ្គីភ័យ ការកើតឡើងដោយយថាហេតុ ។
លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់ថា គ្រប់ កងកម្លាំង ត្រូវខិតខំ យកចិត្តទុកដាក់ ពង្រឹងការងារប្រចាំបញ្ជា និងត្រៀមកម្លាំងចុះល្បាត អន្តរាគមន៍ឲ្យទាន់ពេលវេលា ២៤ម៉ោង លើ២៤ ម៉ោង ក្នុងករណីមិនអនុវត្តតាម បទបញ្ជា ហើយអនុវត្តខុសពីច្បាប់ មន្ត្រីនោះត្រូវទទួលពិន័យរបស់កងកម្លាំងនគរបាល ជាតិ ៕