បទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឧត្តមសេនីយ៍ស្នងការ ប៉ុន្តែមន្ត្រីថ្នាក់ក្រោមមិនអនុវត្តតាម នៅតែបណ្តែតបណ្ដោយ ឲ្យឈ្មួញ បើកអាជីវកម្ម ខុសច្បាប់ ពាសពេញមូលដ្ធាន
បទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឧត្តមសេនីយ៍ស្នងការ ប៉ុន្តែមន្ត្រីថ្នាក់ក្រោមមិនអនុវត្តតាម នៅតែបណ្តែតបណ្ដោយ ឲ្យឈ្មួញ បើកអាជីវកម្ម ខុសច្បាប់ ពាសពេញមូលដ្ធាន
ខេត្តកណ្ដាល ៖ បន្ទាប់ពីទទួលបានសារ ពីប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដែលបានផ្ដល់ព័ត៌មាន ថា នៅស្រុកមុខកំពូល ខេត្តកណ្តាល មានករណីលេងល្បែងស៊ីសង មាន់ជល់ ហាយឡាយ តាមហាងកាហ្វេ ពេញមូលដ្ឋានស្រុកមុខកំពូល ភ្លាមនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាឲ្យ មន្ត្រីមានសមត្ថកិច្ចថ្នាក់ក្រោម ចុះបង្ក្រាបល្បែងស៊ីសង ទាំងនោះឲ្យអស់ និងធ្វើកិច្ចសន្យាមិនឲ្យបើកលេងជាលើកទី២ ។ ក៏ប៉ុន្តែមន្ត្រីថ្នាក់ក្រោមទាំងនោះមិនអនុវត្តតាមបទបញ្ជា មានតែបណ្ដែតបណ្ដោយឲ្យ លេងយ៉ាងគឃ្លើនទៅវិញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលខាងសារព័ត៌មាន «កងមាស» ទទួលបានឲ្យដឹងថា ស្រុកមុខកំពូលខេត្តកណ្តាល មានឃុំ ចំនួន ៧ឃុំ ក្នុងនោះមាន ៥ឃុំ ដែលរង់ឥទ្ធិពលអាក្រក់ពីហាងកាហ្វេ ដែលបង្កប់ទៅដោយល្បែងស៊ីសង គឺឃុំ៖ ឃុំរកាកោង១ / ឃុំរកាកោង២ / ឃុំព្រែកដំបង / ឃុំឬស្សីជ្រោយ និងឃុំព្រែកអញ្ចាញ ។ និយាយទៅ៥ឃុំ នេះគឺពោលពេញទៅដោយការលេងល្បែងស៊ីសង។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបានបន្ត និងត្អូញត្អែរទៀតថា ឯណាទៅភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលរដ្ឋាភិបាលដាក់បទបញ្ជាឲ្យ ។ បើល្បែងស៊ីសង រីករាលដាលដូចផ្សិត និងលេងដោយបើកចំហរ ជាសាធារណៈចឹង ចំណែកឯសម្ថកិច្ច ដែលមានតួនាទីក្នុងការបង្រ្កាបបទល្មើស បែរជាមើលនិងភ្នែក មិនព្រមបង្រ្កាប។
ប្រជាពលរដ្ឋបានពោលពាក្យថា៖ កាលណាបើមានល្បែងស៊ីសង ក្នុងមូលដ្ឋានប្រាកដជាមានបទល្មើសកើនឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន។ ដូចពាក្យចាស់ថា៖ ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ ទាល់តំរិះដឹងតែលួច ឆក់ប្លន់ហើយ។
ពាក់ព័ន្ធទៅនិងករណីនេះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនសូមសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមមេត្តាមានវិធានការ បញ្ជាដល់មន្ត្រីមានសម្ថកិច្ចក្រោមឪវាទ ឲ្យធ្វើការបង្រ្កាបសារជាថ្មីផងទាន៕
No comments