ទីបំផុត ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានកោះហៅ ក្រុមសម្តែងរឿងទុំទាវ ២០២១ ឲ្យមកបំភ្លឺ....
ទីបំផុត ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានកោះហៅ ក្រុមសម្តែងរឿងទុំទាវ ២០២១ ឲ្យមកបំភ្លឺ....
ភ្នំពេញ៖ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតកោះហៅក្រុម លក់ឡេ ដែលថតរឿងទុំទាវ ២០២១ ធ្វើឱ្យមានផលប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ទៅបំភ្លឺពីសកម្មភាពពួកគេ និងគោបំណងរបស់ពួកគេ។
យោងតាមតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដែលបណ្តាញព័ត៌មានទទួលបានក្នុងលិខិតកោះហៅនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមអញ្ជើញ ម្ចាស់ Page Hokima និងអ្នកសម្តែង រឿងទុំទាវ ក្នុង Page Hokina ចូលមកកាន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក ដើម្បីចូលមកបំភ្លឺ ករណីការថតរឿងទុំទាវ ២០២១ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ»។
សូមជម្រាបថារឿង «ទុំទាវ២០២១» មានការចូលរួមសម្តែង ដោយនារីលក់ផលិតផលតាមអនឡាញសាច់សខ្ចី ឈ្មោះ អាជី និងអូមី និងក្រុមការងារនោះ បានរងការរិះគន់យ៉ាងចាស់ដៃ និងថ្កោលទោសពីមហាជនទូទៅ និងអ្នកលេងបណ្តាញសង្គម។
ការថ្កោលទោសនេះដោយមានការលើកឡើងថា ការសម្តែងរបស់ពួកគេ គឺបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, ប៉ះពាល់ដល់តម្លៃអក្សរសិល្ប៍ជាតិ និងប៉ះពាល់ដល់តម្លៃនៃសិល្បៈវប្បធម៌ជាតិ។ ក្រុមអ្នកលេងហ្វេសបុក បានរិះគន់ថា សកម្មភាពនេះ គឺជាគំរូអាក្រក់មួយ ដល់សាធារណជន និងក្មេងៗជំនាន់ក្រោយ។
មហាជនដែលជាអ្នកលេងបណ្តាញសង្គម ពេលបានទស្សនារឿងខ្លីនេះ បានបញ្ចេញមតិជាបន្តបន្ទាប់ សំណូមពរឲ្យស្ថានប័ន ដែលមានសមត្ថកិច្ចលើរឿងនេះ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះតួអង្គទាំងនោះ ដែលមានចេតនាទុច្ចរិត ជាន់ឈ្លីតម្លៃអ្នកសិល្បៈ តម្លៃសាសនា និងតម្លៃអក្សរសិល្ប៍របស់ជាតិសាសន៍ខ្លួនឯង៕
No comments