ដំណឹងល្អនៅកម្ពុជា ដែលមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៨៣៤នាក់ នៅមណ្ឌលព្យាបាលcovid «កោះពេជ្រ»

ដំណឹងល្អនៅកម្ពុជា ដែលមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៨៣៤នាក់ នៅមណ្ឌលព្យាបាល «កោះពេជ្រ»
ភ្នំពេញ ៖ នេះជាដំណឹងដ៏ល្អបំផុតនៅកម្ពុជា ដែលមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៨៣៤នាក់ នៅមណ្ឌលព្យាបាល «កោះពេជ្រ» និង អនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ។
លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង ជាប្រធានក្រុមដឹកនាំ គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានថ្លែងកាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ តាមគណនី ហេ្វសប៊ុក ថា «ថ្ងៃនេះព្រះចន្ទរះពេញវង់ល្អណាស់ ហើយក៏ជាថ្ងៃដែលល្អពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាលCovid កោះពេជ្រចំនួន៨៣៤នាក់ បានជាសះស្បើយនិងត្រូវធ្វើចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត»។
លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងCovid-19 និង ក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកម្លាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសម្រួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រ នេះ។
បន្ថែមទៀតនេះ លោកស្រី ពេជ ចន្ទមុន្នី សូមអបអរដល់បងប្អូនដែលបានជាសះស្បើយនិងសូមជូនពរដល់បងប្អូនដែលនៅបន្តការព្យាបាលនេះឆាប់ជានឹងអាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ។
លោកស្រី ពេជ ចន្ទមុន្នី ក៏សូមផ្តាំផ្ញើដល់បងប្អូនដែលបានជាសះស្បើយ ហើយត្រឡប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វើចត្តាឡីស័កនៅផ្ទះបន្តនិងបន្តអនុវត្តនូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រឡប់មកយកសំណាកវិញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១៕

No comments