បុរសដែលយកពូថៅ កាប់សម្លាប់ប្រពន្ធរបស់ខ្លួន បានចូលមកសារភាពកំហុស នៅចំពោះមុខសមត្ថកិច្ចហើយ

បុរសដែលយកពូថៅ កាប់សម្លាប់ប្រពន្ធរបស់ខ្លួន បានចូលមកសារភាពកំហុស នៅចំពោះមុខសមត្ថកិច្ចហើយ
ខេត្តពោធិ៍សាត់៖ បុរសកាប់សម្លាប់ប្រពន្ធរបស់ខ្លួន ចំនួន១២ ពូថៅ ត្រង់ក្បាលនិងដៃបណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មក្នុងថ្លុកឈាមកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់នោះ បានស្ម័គ្រចិត្តចូលខ្លួន សារភាពកំហុសចំពោះមុខសមត្ថកិច្ចដល់កន្លែងតែម្តង។
តាមចម្លើយសារភាពមូលហេតុដែលរូបគេបានដាច់ចិត្តលើក ដៃកាប់សម្លាប់ប្រពន្ធគ្មានញញើតដៃនោះ ក៏ព្រោះតែរឿងប្រច័ណ្ឌ ហើយនៅយប់នោះពួកគេទាំងពីរនាក់បានទិញស្រាកូរ៉េចំនួន ២ដប មកផឹកហើយខាងប្រុស (ប្តី) ក៏បានបបួលប្រពន្ធទៅភ្នំពេញ ពេលចប់កូវីដដើម្បី សុំឲ្យគេលុបចោលរូបភាពដែលខ្លួនដេកជាមួយសង្សារម្នាក់ ហើយត្រូវបានគេបង្ហោះតាមវេបសាយ។ នៅពេលនោះជនរងគ្រោះ (ប្រពន្ធ) មិនព្រមទៅតាមការបបួលរបស់ប្តីនោះទេក៏ឈ្លោះប្រកែកគ្នាពីមួយពីទៅមួយ ពេលនោះជនរងគ្រោះបានយកដុំឥដ្ឋគប់មកលើខ្លួនព្រមទាំងខ្ញាំមុខទៀតផង។ ដោយទប់កំហឹងមិនបានរូបគេក៏ស្រវាបានពូថៅកាប់ទៅលើប្រពន្ធជាច្រើនកន្លែងបណ្តាលឲ្យដេកដួល ហើយរូបគេក៏ជិះម៉ូតូចេញតែម្តង។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់ ទទួលបន្ទុកនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា នេះជាករណីអំពើហិង្សាមានស្ថានទម្ងន់ទោស (មរណភាពនៃជន រងគ្រោះ)។ តាមច្បាប់ស្តីពីក្រមព្រហ្មទណ្ឌត្រង់មាត្រា២២៤ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ ដល់ ១៥ឆ្នាំ។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរៀបចំសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ហើយ។
សូមបញ្ជាក់ថា៖ ជនរងគ្រោះត្រូវបានបុរសជាប្តី កាប់នឹងពូថៅ បណ្តាលឲ្យស្លាប់កាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នោះឈ្មោះ ស៊ុំ ចាន់នី អាយុ ៣០ឆ្នាំ មុខរបរលក់មីហឹរ នៅផ្សារភួពុយ ក្រុងពោធិ៍សាត់ ស្នាក់នៅកន្លែងកើតហេតុនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំណែកឯជនដៃដល់ត្រូវជាប្តី មានឈ្មោះ ឡូញ សុធារ៉ា ស្នាក់នៅកន្លែងកើតហេតុនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕








No comments