ឃាត់រថយន្តបានចំនួន ១៩គ្រឿង ដកហូតស៊ីផ្លេខ្យល់ ៩ដើម នៅលើបណ្តោយផ្លូវជាតិលេខ២១ និងផ្លូវលេខ ១២១០
ឃាត់រថយន្តបានចំនួន ១៩គ្រឿង ដកហូតស៊ីផ្លេខ្យល់ ៩ដើម នៅលើបណ្តោយផ្លូវជាតិលេខ២១ និងផ្លូវលេខ ១២១០
ខេត្តកណ្ដាល៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាត់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយជំនាញផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវ ចំពោះករណី ដែលប្រជាពលរដ្ឋបានរាយការណ៍ថា៖ មានឡានដឹកដីភ្នំជាច្រើន ស៊ីផ្លេឮខ្លាំងៗ បើកលឿនៗ ដូចហោះ មិនគោរពសិទ្ធិអ្នកបើកបរដទៃ ដឹកដីមិនគ្រប ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ បរិស្ថានសណ្ដាប់ធ្នាប់សាធារណៈ។
ជាលទ្ធផល៖ នៅថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញខេត្ត សហការជាមួយផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកស្អាង ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងឃាត់រថយន្តបានចំនួន ១៩គ្រឿង ដកហូតស៊ីផ្លេខ្យល់ ៩ដើម នៅលើបណ្តោយផ្លូវជាតិលេខ២១ និងផ្លូវលេខ ១២១០ ស្ថិតនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ដោយរថយន្តទាំងនោះ ត្រូវបានកម្លាំងជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបរដូចខាងក្រោម៖
ទី១-ចាប់ពីថ្ងៃនេះតទៅ ខ្ញុំបាទនិងគោរពតាមការអប់រំ ណែនាំ របស់សមត្ថកិច្ចដោយពេលដឹកជញ្ជូនខ្សាច់ ឬដី ខ្ញុំបាទនិងគ្របឲ្យបានត្រឹមត្រូវ មិនឲ្យហៀរជ្រុះ ឬហូរទឹកធ្លាក់មកលើផ្លូវឡើយ។
ទី២-ខ្ញុំបាទនិងបំពាក់ស្លាកលេខយាន មានឯកសារយាន មិនបើកបរលឿន មិនបើកវ៉ាជែង មិនស៊ីផ្លេនៅកន្លែងហាមស៊ីផ្លេ និងមិនប្រើប្រាស់ស៊ីផ្លេខ្យល់។
ទី៣-បើខ្ញុំបាទមិនគោរពតាមកិច្ចសន្យាខាងលើ ខ្ញុំបាទនឹងទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ដោយឥតប្រកែកតវ៉ាឡើយ។
ដោយឡែក៖ ជំនាញផាកពិន័យរថយន្តចំនួន៧គ្រឿង៖
-ផ្ទុកសំពីងសំពោង ១គ្រឿង
-មិនពាក់ខ្សែក្រវ៉ាត់ ៦គ្រឿង
-ស្មើទឹកប្រាក់ចំនួន ១,២០០,០០០រៀល។
អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាធរមាន៕
No comments