សមត្ថកិច្ចដកហូតសត្វតោ ១ក្បាល ដែលលួចចិញ្ចឹម ដោយខុស ច្បាប់នៅរាជធានីភ្នំពេញ
សមត្ថកិច្ចដកហូតសត្វតោ ១ក្បាល ដែលលួចចិញ្ចឹម ដោយខុស ច្បាប់នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះបានបានចុះធ្វើការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិន ដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅឋានរបស់ខ្លួន ក្នុងខណ្ឌខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឱ្យដឹងថា ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលើ ហើយសមត្ថកិច្ចជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការស្រាវជ្រាវ ឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាចិញ្ចឹមបីបាច់បន្ត នៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ សមត្ថកិច្ចបានហៅអ្នកចិញ្ជឹមមកអប់រំ ហាមមិនឲ្យប្រព្រឹត្តការចិញ្ចឹមសត្វព្រៃបន្តទៀត។
សូមបញ្ជាក់ថា សត្វតោដែលដកហូត ជាសត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ប្រមាណ៦គីឡូក្រាម។
ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជត្រូវបានហាមឃាត់៕
No comments