សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងថ្មី Delta

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងថ្មី Delta
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្ត កោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។
ក្នុងប្រការ៧នេះនៃសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានណែនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ ករណីអ្នកជំងឺសង្គ្រោះបន្ទាន់។
រាជរដ្ឋាភិបាលបានណែនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការគ្នាផ្សព្វផ្សាយព័ត៌មានអំពីការអនុវត្តវិធានការបិទខ្ទប់ សម្រាប់បណ្តាខេត្តកម្ពុជា ដែលមានព្រំប្រទល់ជាមួយប្រទេសថៃ ព្រមទាំងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ដើម្បីផ្តល់ការគាំពារចាំបាច់នានាដល់ពលករខ្មែររស់នៅប្រទេសថៃ ក៏ដូចជាសម្របសម្រួលជាមួយពលករខ្មែររស់នៅថៃ ដែលមានបំណងវិលត្រឡប់មកកម្ពុជាវិញ ឱ្យពន្យារពេលនៃការវិលត្រឡប់របស់ខ្លួន រហូតដល់ការបិទខ្ទប់នេះត្រូវបានបញ្ចប់។
រាជរដ្ឋាភិបាលបានណែនាំគណៈអភិបាលខេត្តនៃខេត្តជាប់ព្រំប្រទល់ជាមួយថៃ ត្រូវបង្កើនកិច្ចសហការ និងការសម្របសម្រួលជាមួយបណ្តាខេត្តថៃ ដែលជាសមភាគីរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តនូវបណ្ដាវិធានការខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា៖ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ២៣និង៤៥នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta បន្ទាប់ពីបានរកឃើញមេរោគបំប្លែងថ្មី Delta ដែលជាមេរោគឆ្លងលឿន និងធ្វើឱ្យសុខភាពទ្រុឌទ្រោមលឿននោះ បានឆ្លងចូលក្នុងសហគមន៍៕




No comments