អភិបាលខេត្តកំពង់ចាម បែងចែកជាបីតំបន់ ដើម្បីបង្ការ និងទប់ស្កាត់ពីមេរោគបម្លែងថ្មី ប្រភេទ”ដែលតា” (Delta) ក្នុងសហគមន៍រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍
អភិបាលខេត្តកំពង់ចាម បែងចែកជាបីតំបន់ ដើម្បីបង្ការ និងទប់ស្កាត់ពីមេរោគបម្លែងថ្មី ប្រភេទ”ដែលតា” (Delta) ក្នុងសហគមន៍រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍
ខេត្ដកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម -ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដោយមានការចូលរួមពីគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវី-១៩ អភិបាលក្រុង-ស្រុកទាំង១០ បានសម្រេចដាក់ចេញនូវវិធានការបន្ទាន់ ដោយបានបែងចែកកម្រិតនៃការឆ្លងនៃមេរោគបម្លែងថ្មី ជាបីតំបន់ រយៈពេល ០២សប្ដាហ៍ គិតចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ១២ សីហា ឆ្នាំ២០២១។
សេចក្តីសម្រេចស្តីពី ការដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម របស់រដ្ឋបាលខេត្ត ដែលមានកម្រាស់ចំនួន ០៤ទំព័រ ចុះហត្ថលេខាដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្ត កំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត បានបែងចែកកម្រិត នៃការឆ្លង គឺ«តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ , «តំបន់លឿងទុំ»សំដៅដល់ភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលមធ្យម នៃជំងឺកូវីដ ១៩ និង« តំបន់លឿន»សំដៅដល់ភូមិសាស្រ្តដែលឆ្លងរាលដាលស្រាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា អាជ្ញាធរស្រុក-ក្រុង ត្រូវចាត់វិធានការបន្ទាន់សំដៅគ្រប់គ្រងកន្លែងដែលមានការផ្ទុះឆ្លង និងការកាត់ផ្តាច់ការឆ្លងរាលដាលជំងឺនេះទាំងក្នុងភូមិសាស្រ្តដែលត្រូវបិទខ្ទប់ និងទៅតំបន់ផ្សេងទៀតតាមរយៈការបែងចែង និងវាយតម្លៃកម្រិតតំបន់ នៃការឆ្លងខាងលើ ដើម្បីចេញវិធានការបិទខ្ទប់តំបន់ក្រហម។ ពិសេសកូវីដ-១៩ ដែលជាមេរោគបំប្លែងខ្លួនថ្មី ប្រភេទ”ដែលតា” (Delta) នៅក្នុងសហគមន៍ឱ្យបានទាន់ពេលវេលា ឈានទៅកាត់ផ្តាច់ខ្សែចម្លងមេរោគដ៏កំណាចមួយនេះ ឱ្យបានទាន់ពេលវេលាកុំឱ្យឆ្លងទៅកាន់តំបន់ផ្សេងទៀត ដោយធ្វើការបិទខ្ទប់ទីកន្លែង ភូមិ និងខ្នងផ្ទះ ករណីរកឃើញមេរោគនេះ ត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលមកធ្វើចត្តាឡីស័កនៅកន្លែងដែលបានរៀបចំ សម្រាប់តែអ្នកពាក់ព័ន្ធមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតានេះ៕
No comments