ការស្តារប្រឡាយលូ៥ ដោយស្តារយកភក់ ចេញពីបាតប្រឡាយ បានបញ្ចប់ ១០០ ភាគរយហើយ
ការស្តារប្រឡាយលូ៥ ដោយស្តារយកភក់ ចេញពីបាតប្រឡាយ បានបញ្ចប់ ១០០ ភាគរយហើយ
ភ្នំពេញ៖ ប្រឡាយលូ៥ ដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់មួយ ក្នុងការរំដោះទឹក ក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះ ត្រូវបានបញ្ចប់ ១០០ភាគរយហើយ ដោយក្រុមការងារស្តារយកភក់ចេញពីបាតប្រឡាយ បានប្រមាណជាង ២ម៉ឺនម៉ែត្រគូប, សំរាម និងស្មៅជាង ២.០០០ម៉ែត្រគូប ដែលបានធ្វើអោយ ចរន្តទឹកហូរយ៉ាងលឿន គ្មានការរំខាន ដែលអាចបញ្ចៀសបាន នូវការលិចលង់ ភូមិដ្ឋានប្ប្រជាពលរដ្ឋ។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹង នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះថា៖ ដោយមានការយកចិត្តទុកដាក់ និងការចង្អុលណែនាំ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយ មេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាព ស្តារប្រឡាយលូ៥ យ៉ាងសកម្ម ហើយបើគិតមកដល់ ត្រឹមល្ងាចថ្ងៃទី២១ កក្កដា ម្សិលមិញ ការស្តារប្រឡាយលូ៥ នេះ បានបញ្ចប់ ១០០ ភាគរយហើយដែលធ្វើឱ្យ ចរន្តទឹកហូរ យ៉ាងលឿន គ្មានការរំខាន ហើយនៅព្រឹកថ្ងៃទី២២ កក្កដា នេះ ក្រុមការងារ បានចល័តកម្លាំង និងគ្រឿងចក្រ ពីការស្តារប្រឡាយលូ៥នេះ បន្តមកបង្ហើយ ការស្តារប្រឡាយបឹងទំពន់ថែមទៀត។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ថា៖ ការស្តារប្រឡាយបឹងទំពន់ដែលនៅ សេសសល់ ប្រវែងប្រមាណ ១០០ ម៉ែត្រទៀតនោះ ក្រុមការងារ នឹងសម្រុកអោយ បានរួចរាល់ ក្នុងរយៈពេល ១ សប្តាហ៍ទៀតនេះ។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់ឱ្យដឹងថា៖ ប្រឡាយលូ៥ មានប្រវែងជាង ១.០០០ ម៉ែត្រ ទទឹងមានទំហំពី ១៥ ទៅ ៣០ ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំ ផ្លូវវេងស្រេង ដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះ បានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់ កាលពីថ្ងៃទី១៩ មិថុនា ហើយបានបញ្ចប់ ១០០ ភាគរយហើយ កាលល្ងាចថ្ងៃទី២១ កក្កដា ម្សិលមិញ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹក ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែន ជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយទឹក ហូរចូល ប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក។
លោក ដួង ចាន់សារ៉ាត់ បានបញ្ជាក់បន្ថែមថា៖ ការស្តារប្រឡាយលូ៥នេះ ក្រុមការងារស្តារភក់ចេញ បានចំនួន ២១.៣៧៥ ម៉ែត្រគូប , សំរាម និងស្មៅ បានចំនួន ២.២៥០ ម៉ែត្រគូប។ ដូច្នេះលោកស្នើសូម ឱ្យបងប្អូន ប្រជាពលរដ្ឋ មេត្តាទុកដាក់សំរាម អោយបានត្រឹមត្រូវ ទៅតាមទីតាំង ដែលក្រុមហ៊ុនប្រមូល សំរាម បានកំណត់ កុំបោះសំរាម ចូលក្នុងប្រឡាយទឹក នាំអោយបិទបាំងផ្លូវទឹក មិនអាចហូរដល់ស្ថានីយ៕
No comments