ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូង និង ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងឱសថមួយចំនួនជូនដល់គណៈគ្រប់គ្រងពន្ធនាគារខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូង និង ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង រួមជាមួយ សហការី បានអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងឱសថមួយចំនួនជូនដល់គណៈគ្រប់គ្រងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីបំពេញតម្រូវការរបស់ពន្ធនាគារ និងដើម្បីរួមចំណែកក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកលដ៏កាចសាហាវ កាលពីរសៀលថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២១។
អំណោយដែលបានផ្តល់ជូនរួមមាន៖ ឱសថបុរាណចិន លៀនហ័រ ឈីងវីន (LIANHUA QINGWEN) ចំនួន ២០០ (ពីររយ) ប្រអប់, ម៉ាស់ ចំនួន ៥,០០០ (ប្រាំពាន់) ម៉ាស់, មី ចំនួន ៥០ (ហាសិប) កេះ, ស្កសរ ចំនួន ០២ (ពីរ) ការ៉ុង, ទឹកក្រូច ចំនួន ១០ (ដប់) កេះ, ទឹកត្រី ចំនួន ១០ (ដប់) កេះ និងទឹកស៊ីអ៊ីវ ចំនួន ១០ (ដប់) កេះ ដល់ពន្ធនាគារខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន និងឯកឧត្តមព្រះរាជអាជ្ញា បានផ្ដាំផ្ញើសាកសួរសុខទុក្ខដល់មន្ដ្រីពន្ធនាគារទាំងអស់ និងក្រើនរំលឹកឱ្យយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ចំពោះមន្ត្រីពន្ធនាគារផ្ទាល់ ក៏ដូចជាជនជាប់ឃុំទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង ដើម្បីជៀសឱ្យបាននូវការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាចូលរួមទប់ស្កាត់បង្ការការឆ្លងរីករាលដាលនៃជំងឺនេះ៕
No comments