ឪពុកចុង វាយនិងយកជង្គង់អុកលើដើមទ្រូងកូនស្រីអាយុ២ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម
ឪពុកចុង វាយនិងយកជង្គង់អុកលើដើមទ្រូងកូនស្រីអាយុ២ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនឪពុកចុងម្នាក់ ដែលបានវាយសម្លាប់កូនស្រីដែលមានអាយុ២ឆ្នាំ ក្នុងករណីឃាតកម្មវាយនិងយកជង្គង់អុកលើដើមទ្រូងបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម។
អំពើឃាតកម្មនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្នុងផ្ទះជួលផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានរដែល «កងមាស» ទើបទទួលបាននៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានអោយដឹងថា ជនសង្ស័យឈ្មោះ សុខ រដ្ឋា អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានផ្ទុកសារធាតុញៀន។ ចំណែកជនរងគ្រោះ ឈ្មោះ នន ស្រីនិច ភេទស្រី អាយុ ២ឆ្នាំ។
នៅថ្ងៃកើតហេតុ ជនរងគ្រោះ និង ជនសង្ស័យ បាននៅក្នុងផ្ទះជួលតែ ២នាក់ ខណៈនោះជនរងគ្រោះបានវាយក្បាល និង យកជើងធូបចាក់ភ្នែកជនសង្ស័យ។ ភ្លាមនោះជនសង្ស័យខឹងក៏បានចាប់ជនរងគ្រោះវាយខ្លួនប្រាណ និង យកជង្គង់អុកលើដើមទ្រូងបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយក៏បាននាំជនរងគ្រោះទៅឲ្យជីតា ដោយភូតកុហកថា៖ «រអិលជើងដួលក្នុងបន្ទប់ទឹកសង្កត់លើជនរងគ្រោះបណ្ដាលឲ្យស្លាប់» ហើយ ជីតា ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង កម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យលើសាកសពជនរងគ្រោះ ឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែង ហើយសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាមិនមែនជាឧបទ្ទវហេតុរអិលជើងដួលសង្កត់លើដូចការអះអាងរបស់ជនសង្ស័យនោះទេ។
ពេលនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ សុខ រដ្ឋា យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ រយៈពេលយ៉ាងយូរទើបជនសង្ស័យឈ្មោះ សុខ រដ្ឋា ព្រមឆ្លើយសារភាពថា រូបគេពិតជាបានវាយ និងយកជង្គង់អុកលើដើមទ្រូងជនរងគ្រោះបណ្តាលឲ្យស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខ រដ្ឋា កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕
No comments