ស្រុកខ្សាច់កណ្ដាល៖ ករណីឃាតករបាញ់សម្លាប់ពីរនាក់ប្ដីប្រពន្ធ ពេលកំពុងដេកក្នុងរោងចិញ្ចឹមទា ស្លាប់យ៉ាងអាណោចអាធ័ម

ស្រុកខ្សាច់កណ្ដាល៖ ករណីឃាតករបាញ់សម្លាប់ពីរនាក់ប្ដីប្រពន្ធ ពេលកំពុងដេកក្នុងរោងចិញ្ចឹមទា ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកណ្ដាល ៖ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពបាញ់ប្រហារពីរនាក់ប្ដីប្រពន្ធ ពេលកំពុងដេកក្នុងរោងចិញ្ចឹមទា បណ្ដាលឲ្យប្រពន្ធស្លាប់ក្នុងថ្លុកឈាមខណៈប្ដីរងរបួសធ្ងន់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅព្រែកដូនឯម ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ២នាក់ប្ដីប្រពន្ធដែលរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនេះ ប្រពន្ធឈ្មោះ សុន ស្រឿន អាយុ៤៩ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) និងប្ដីឈ្មោះ យឹម គឹមហុក អាយុ៤៥ឆ្នាំ របួសធ្ងន់។
សមត្ថកិច្ចរៀបរាប់ថា នៅវេលាម៉ោង៨យប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះទាំងពីរបានឲ្យកូនប្រុសឈ្មោះ ហុក ភូណាន់ អាយុ១៧ឆ្នាំ ជិះម៉ូតូឌុបមកដេកនៅរោងទាដូចរាល់ថ្ងៃ ពេលឌុបមកដល់កូនក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយជនរងគ្រោះក៏ដេកនៅរោងទាទាំងពីរនាក់ប្តីប្រពន្ធ។ លុះដល់ព្រឹកឡើងថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង៥៖៣០នាទី ឈ្មោះ ហុក ភូណាន់ បានជិះម៉ូតូមកជួយរើសពងទានៅរោងស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមានឈាមពេញខ្លួន រីឯឪពុករងរបួសឈាមពេញខ្លួនរងរបួសធ្ងន់។
ពេលនោះកូនរបស់ជនរងគ្រោះ បានរាយកាណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុធ្វើការហ៊ំព័ទ្ធ និងបានរកឃើញសំបកគ្រាប់កាំភ្លើង ចំនួន១០គ្រាប់ និងមានស្នាមកាប់ជញ្ជាំងស័ង្កសី ចំនួន០២កន្លែង។
ជុំវិញករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ថា លោកកំពុងបញ្ជាកម្លាំងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕






No comments