សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាប និងរឹបអូសឈើបានជាង ១០០កំណាត់ រួមទាំងរថយន្តមួយគ្រឿង ក្នុងរយៈពេលពីរថ្ងៃ នាចុងសប្តាហ៍កន្លងមកនេះ!
សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាប និងរឹបអូសឈើបានជាង ១០០កំណាត់ រួមទាំងរថយន្តមួយគ្រឿង ក្នុងរយៈពេលពីរថ្ងៃ នាចុងសប្តាហ៍កន្លងមកនេះ!
ខេត្តព្រះវិហារ៖ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ បានដឹកនាំមន្ត្រីខណ្ឌ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀង និងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះបង្ក្រាបទីតាំងលាក់ទុកឈើប្រភេទលេខ១ ចំនួន ៥កន្លែង និងបង្ក្រាបរថយន្តដឹកឈើ ១គ្រឿង រឹបអូសឈើជ្រុងបានជាង១០០កំណាត់ នៅក្នុងរយៈពេលពីរថ្ងៃចុងសប្តាហ៍មុននេះ។
ប្រតិបត្តិការរុករកទីតាំងស្តុកឈើ និងការបង្ក្រានរថយន្ត ១គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងនោះ បានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ បន្តបន្ទាប់គ្នា គឺនៅថ្ងៃទី១០កក្កដា បង្ក្រាបទៅលើទីតាំងចំនួន ៥កន្លែង ស្ថិតនៅក្នុងភូមិស្វាយ និងភូមិសុច ឃុំរណសិរ្ស រឹបអូសឈើបាន ៩៩កំណាត់ និងនៅថ្ងៃទី១១កក្កដា ស្ទាក់ចាប់រថយន្ត ១គ្រឿង ដកហូតបានឈើ ៥កំណាត់ នៅលើដងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ស្ថិតនៅក្នុងភូមិសុច ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹងនៅថ្ងៃ១២កក្កដា នេះថា ក្រោយពេលបានដឹងពីសកម្មភាព លួចចូលដឹកជញ្ជូនឈើ ពីសំណាក់ឈ្មួញមួយក្រុមតូច ដោយប្រើប្រាស់រថយន្តទំនើបៗ ជាច្រើនគ្រឿងនោះមក លោកបានដាក់កម្លាំងតាមឃ្លាំមើលពីសកម្មភាពនេះ អស់រយៈពេលជាច្រើនថ្ងៃ ហើយបានរកឃើញថា មានការដឹកជញ្ជូនឈើ យកមកស្តុកទុកក្នុងព្រៃ និងនៅជិតផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែង និងលោកក៏បានស្នើសុំរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ ដើម្បីចុះបង្ក្រាបនិងរឹបអូសឈើទាំងនោះ។
លោក នួន សុខុម បានបន្តថា នៅក្នុងថ្ងៃសៅរ៍ ១០កក្កដា កម្លាំងសមត្ថកិច្ចបានបង្ក្រាប និងរឹបអូសឈើ ទៅលើ ៥ទីតាំង រឹបអូសបានឈើសុក្រំ ឈើឈ្លីក ចំនួន៩៩កំណាត់ និងការបង្ក្រាបឈើនេះ បានធ្វើឡើងក្រោមកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិន្ទថាល់ ផងដែរ។
លោកថា នៅថ្ងៃអាទិត្យ ១១កក្កដា ម្សិលមិញ លោកព្រះរាជអាជ្ញាខេត្ត បានដឹកនាំកម្លាំងចុះស្ទាក់ចាប់បានរថយន្ត ១គ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ នៅលើដងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ស្ថិតនៅក្នុងភូមិសុច ឃុំរណសិរ្ស ស្រុកសង្គមថ្មី និងឈើនៅក្នុងរថយន្តនោះ មានចំនួន ៥កំណាត់។ លោក នួន សុខុម បានបញ្ជាក់ថា ក្រោយការបង្ក្រាប និងរឹបអូស ឈើនិងរថយន្តដែលជាវត្ថុតាងបទល្មើស ត្រូវបានបញ្ជូនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ។
គួរបញ្ជាក់ថា៖ ចំពោះឈើដែលរឹបអូសបានក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ មានពីរប្រភេទ គឺប្រភេទឈើសុក្រំ និងឈើឈ្លីកជ្រុង មានមុខកាត់ចាប់ពី ១៥ ដល់ ៤០សង់ទីម៉ែត្រ និងមានប្រវែង ២ម៉ែត្រ ដល់ ៣ម៉ែត្រ មានចំនួនសរុប ១០៤កំណាត់ ហើយរហូតមកដល់ថ្ងៃ១២កក្កដាឆ្នាំ២០២១នេះ គេនៅមិនទាន់ដឹងពីចំនួនម៉ែត្រគូបនៅឡើយទេ ព្រោះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មិនទាន់បានធ្វើការវាស់វែងនៅឡើយ៕
No comments