ឯកឧត្តម ឃួង ស្រេង ហាមដាច់ខាត មិនឲ្យមាននរណាម្នាក់ យកលុយជាថ្នូរ នឹងការចេញប័ណ្ណចាក់វ៉ាក់សាំងជូនកុមារ
ឯកឧត្តម ឃួង ស្រេង ហាមដាច់ខាត មិនឲ្យមាននរណាម្នាក់ យកលុយជាថ្នូរ នឹងការចេញប័ណ្ណចាក់វ៉ាក់សាំងជូនកុមារ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិទាំងអស់ ដែលមានសិទ្ធិក្នុងការចែកប័ណ្ណចាក់សាំងការពារកូវីដ-១៩ ជូនកុមារចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ គឺមិនអនុញ្ញាត្តឲ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរ នៃការផ្តល់ប័ណ្ណចាក់សាំងជូនកុមារ។ បើមានករណីបែបនេះ នឹងមានបញ្ហាប្រឈម ជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញ ពោលគឺរដ្ឋបាលរាជធានីភ្នំពេញ មិនមានការយោគយល់ជាដាច់ខាត។
ឯកឧត្តម បានលើកឡើងថា ការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំនេះ អាជ្ញាធររបស់យើង ត្រូវតែរៀបចំ និងធ្វើឡើងឲ្យបានម៉ត់ចត់បំផុត ដើម្បីឲ្យដំណើរការនៃការចាក់វ៉ាក់សាំងនេះ ទទួលបានជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ គឺដាច់ខាតមិនឲ្យមាននរណាម្នាក់ យកលុយជាថ្នូរ នៃការចេញប័ណ្ណចាក់សាំងជូនកុមារ ជាថ្នូរនៃការយកលុយនោះទេ។
បើនៅតែមានសកម្មភាពបែបនេះ អាជ្ញាធររាជធានីភ្នំពេញ មិនយោគយល់ជាដាច់ខាត។ ដូច្នេះទេ លោកស្នើសុំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែយកចិត្តទុកដាក់ ឲ្យបានហ្មត់ចត់បំផុតចំពោះការងារនេះ គឺមិនអនុញ្ញាតជាដាច់ខាតចំពោះការចេញប័ណ្ណ ជាថ្នូរនៃការយកប្រាក់ជាដាច់ខាត ហើយថាអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង។
ការព្រមានបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ Video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការត្រៀមបើកយុទ្ធនាការ ចាក់វាក់សាំងកូរ៉េដ-១៩ (ស៊ីណូប៉ាក់) ដល់កុមារ និងយុវវ័យអាយុចាប់ពី១២ ដល់អាយុ ក្រោម១៨ឆ្នាំ នៅរាជធានីភ្នំពេញ។
បន្ថែមពីលើនេះទៀតឯកឧត្តម ឃួង ស្រេង ក៏បានស្នើដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងឲ្យបានម៉ត់ចត់ ចំពោះវិធានការការពារជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី (ដែលតា) ដែលបាននឹងកំពុងវាយលុក នៅពេញពិភពលោក ហើយកម្ពុជាក៏ជាប្រទេសមួយ បាននឹងកំពុងប្រឈមនឹង វីរុសថ្មីនេះផងដែរ។ ជាងនេះទៀត ត្រូវបន្តពង្រឹងឲ្យបានល្អប្រសើរបំផុត ចំពោះការផ្ដល់សេវា ការសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺកូវីដ-១៩ ហើយពួកគាត់ បានស្ម័គ្រចិត្តព្យាបាលនៅតាមផ្ទះ៕
No comments