លោក ពូទីន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន
លោក ពូទីន ផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព» ជូនសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា។ នេះបើយោងតាមការចេញផ្សាយលើ Facebook ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
ស្ថានទូតរុស្ស៉ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ី បានចុះហត្ថលេខាលើ អនុក្រឹត្យលេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥស្សរិយយសថ្នាក់ មិត្តភាពជូន សម្ដេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមចំណែកដ៏សំខាន់ ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និងកម្ពុជា»។
សូមជម្រាបថា គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី៕
No comments