ថ្នាក់ដឹកនាំ សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ អញ្ជើញសំណេះសំណាល និង ចែកអំណោយ ជូនលោកយាយ លោកតា ក្រីក្រ ៣៥នាក់ នៅស្រុកត្រាំកក់
ថ្នាក់ដឹកនាំ សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ អញ្ជើញសំណេះសំណាល និង ចែកអំណោយ ជូនលោកយាយ លោកតា ក្រីក្រ ៣៥នាក់ នៅស្រុកត្រាំកក់
ខេត្តតាកែវ៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ (KAD) រួមជាមួយ លោកស្រីមេធាវី ចាន់ ផូវឌ្ឍនៈ, លោកជំទាវ ហោ ណាវីន ភរិយា ឯកឧត្តម ឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ និង ឯកឧត្តម ថាំង ប៊ុនសុង និង លោកជំទាវ អឿន លក្ខិណា បានអញ្ជើញចុះសួរសុខទុក្ខ និង ផ្តល់អំណោយ ជាសម្ភារនិងថវិកា ជូនលោកយាយ លោកតា ក្រីក្រ ចំនួន ៣៥រូប រស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
អំណោយដែលបានចែកជូនរួមមាន៖ថវិកា២០,០០០រៀល សារ៉ុង១ ក្រម៉ា១ និង ប្រេងលាបរឹត១ដប។ ជាមួយគ្នា លោកស្រី So Sopheaklida បានចូលរួមអំណោយ ជាកាតាបដាក់ខោអាវ កន្សែងពោះគោ សាបូ រូបព្រះសម្មាសម្ពុទ្ធ ផងដែរ។
ក្នុងឱកាសនោះ លោកស្រីមេធាវីប្រធាន បានជម្រាបពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមខ្មែរអភិវឌ្ឍន៍ គឺចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំប្រទេសកម្ពុជាដល់ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ក្រៅពីសំណេះសំណាល សាកសួរសុខទុក្ខ លោកស្រីមេធាវី តាំង ស៊ីនហុង បានណែនាំឲ្យពួកគាត់ ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ និងសូមជូនពរឲ្យលោកយាយ លោកតា មានសុខភាពល្អឡើងវិញ និងប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
No comments