ពិធីប្រកាសឲ្យដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប
ពិធីប្រកាសឲ្យដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប
ខេត្តកែប៖ ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប និងប្រកាសចូលកាន់មុខតំណែង ប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តមអភិបាលខេត្តកែប នៅសាលាដំបូងខេត្តកែប មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៣៣A ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប។
ក្នុងនោះដែរក៏មានការចូលរួមពីលោក អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត លោក លាង សំណាត់ ប្រធានសាលាដំបូងខេត្តកំពត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោក ឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង ប្រធាន អនុប្រធានអង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកស្រីជាអភិបាលក្រុង-ស្រុក អភិបាលរង លោកចៅសង្កាត់ លោកមេឃុំ ព្រមទាំងមន្ត្រីរាជការជាច្រើននាក់ទៀត។
លោក អ៊ួង សុភារិន្ទ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានអានព្រះរាជក្រឹត្យដាក់ឲ្យដំណើរការសាលាដំបូងខេត្តកែប និងព្រះរាជក្រិត្យតែងតាំងលោក ហន សុខេមរិន ជា ប្រធានសាលាដំបូងខេត្តកែប និងលោក ខាន់ សុផល ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប។
ក្នុងឱកាសនោះដែរ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានមតិសំណាល ដោយសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោក ហន សុខេមរិន ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកែប និងលោក ខាន់ សុផល ដែលត្រូវបានបានតែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប។
ជាមួយនេះ ឯកឧត្តម កើត រិទ្ធ ក៏បានធ្វើការផ្តាំផ្ញើឲ្យអស់លោកដែលមកកាន់តំណែងក្នុងប្រព័ន្ធតុលាការខេត្តកែបនេះត្រូវពង្រឹងសាមគ្គីភាពជាមួយរដ្ឋបាលខេត្តនិងបន្តខិតខំយកចិត្តទុកដាក់ក្នុងការដោះស្រាយសំណុំរឿងនានាជូនប្រជាពលរដ្ឋតាមច្បាប់ប្រកបដោយយុត្តិធម៌ឲ្យបានឆាប់រហ័ស ដើម្បីជៀសវាងកកស្ទះសំណុំរឿងនាំឲ្យប្រជាពលរដ្ឋជួបការលំបាកនិងអស់ទំនុកចិត្ត៕
No comments