តើលោក គង់ សោភ័ណ្ឌ មានវិធានការបែបណា ចំពោះ លោកអភិបាលស្រុកស្អាង ដែលថ្លើមធំហ៊ាន ក្លែងបន្លំឯកសារ បំភ័ន្តភ្នែកថ្នាក់ដឹកនាំ_វគ្គ៥
តើលោក គង់ សោភ័ណ្ឌ មានវិធានការបែបណា ចំពោះ លោកអភិបាលស្រុកស្អាង ដែលថ្លើមធំហ៊ាន ក្លែងបន្លំឯកសារ បំភ័ន្តភ្នែកថ្នាក់ដឹកនាំ_វគ្គ៥
ផ្សាយចេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១
ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋ រស់នៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ចំនួន ៩១គ្រួសារ ដែលរដ្ឋបាលស្រុកស្អាង បានរាយការណ៍ ទៅថ្នាក់ដឹកនាំ ដែលមានឯកឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ហើយឯកសាររាយការណ៍នោះទៀតសោត ឈ្មោះប្រជាពលរដ្ឋ ដែលរស់នៅ អាស្រ័យផល នៅចំណុចទីតាំង មិនមានឈ្មោះ នៅក្នុងបញ្ជីស្នើសុំនោះឡើយ ហើយមាន ប្រជាពលរដ្ឋខ្លះ មានដី រហូតដល់ ៣ហិចតាជាង តែនៅក្នុងឯកសារ ដាក់តែ៥ពាន់ម៉ែត្រការ៉េជាង ប៉ុណ្ណោះ នេះបើយោងតាមឯកសារ និងសម្ដីអះអាងពីប្រជាពលរដ្ឋ។
យោងតាមតារាងទម្រង់ទិន្នន័យការតាំងទីលំនៅ និងអាស្រ័យផល របស់ប្រជាពលរដ្ឋ ស្ថិតនៅលើអាងទឹកបឹងត្នោត ស្ថិតនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាងខេត្តកណ្តាល ដោយមានការទទួលស្គាល់ពី លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង និងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលឃុបខិតគ្នា ចុះហត្ថលេខា លើឯកសារក្លែង ដើម្បីបំភ័ន្តភ្នែកថ្នាក់ដឹកនាំ៖
-ចុះថ្ងៃសុក្រ១០ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនិងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ អ្នកធ្វើតារាង ចុះហេត្ថលេខា (ឃឹម ពេញ)
-បានឃើញនិងពិនិត្យត្រឹមត្រូវ ថ្ងៃខែឆ្នាំដដែល ប្រធាន ក្រុមការងារ ចុះហេត្ថលេខា (ជី គឹមហៃ)
-បានឃើញ និងឯកភាព ត្រូវនឹងថ្ងៃទី០៤ខែមីនាឆ្នាំ២០១៩ អភិបាលស្រុក ស្អាង ចុះហេត្ថលេខា និងត្រា (ញឹម វណ្ណឌិន)
ពាក់ព័ន្ធទៅ និង ករណីលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង និងលោក ជី គឹមហៃ ប្រធានក្រុមការងារ ហើយនិងលោក ឃឹម ពេញ អ្នកធ្វើតារាង ដែលបានត្រូវរ៉ូវគ្នាជាប្រព័ន្ធ ចុះហត្ថលេខា បោះត្រា លើឯកសារក្លែង ដើម្បីបន្លំភ្នែកថ្នាក់ដឹកនាំ តើលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានវិធានការបែបណាចំពោះ មន្ត្រីគ្រាប់ល្ពៅស្ងោរទាំងនេះ។
ប្រជាពលរដ្ឋ ជាច្រើនសុំអំពាវនាវដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៉ើបអង្កេត ស្រាវជ្រាវ លើករណីខាងលើនេះដោយក្តីអនុគ្រោះ៕ សូមអរគុណ!
សូមបញ្ជាក់ដែរថា៖ ឃុំសិត្បូ ស្រុកស្អាង បច្ចុប្បន្នប្តូរទៅជា សង្កាត់សិត្បូ ក្រុងតាខ្មៅ
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មាន យើង នឹងរង់ចាំការបំភ្លឺពី ស្ថាប័ន និងភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។
No comments