ស្រុកបាទី៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង នៅតែបន្តបើកដំណើរយ៉ាងអាណាធិបតេយ្យ ដោយគ្មានខ្លាច អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន_វគ្គ២
ស្រុកបាទី៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង នៅតែបន្តបើកដំណើរយ៉ាងអាណាធិបតេយ្យ ដោយគ្មានខ្លាចអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន_វគ្គ២
ផ្សាយនៅថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២១
ខេត្តតាកែវ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែង «មាន់ជល់ ហាយឡាយ» ស្ថិតនៅឃុំកណ្ដឹង និងឃុំត្រពាំងសាប ក្នុងស្រុកបាទី ខេត្តតាកែវ នៅតែបន្តបើកដំណើរការបានយ៉ាងអាណាធិបតេយ្យ ដោយគ្មានខ្លាចអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បន្តិចសោះឡើយ។
តាមប្រភពព័ត៌មាន ជាក់ស្ដែងបានឲ្យដឹងថា៖ «ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ទាំងនេះ នៅតែបើកទទួលជនញៀនល្បែងឲ្យមកលេង ល្បែងភ្នាល់ដាក់លុយ ថែមទាំងស្រែកហ៊ោកញ្ជ្រៀវ ឡូឡាពេលឈ្នះចាញ់ម្តងៗ ដោយគ្មានខ្លាចញញើត សមត្ថកិច្ច ឡើយ»។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ មហាជនជាច្រើន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមាន ទីតាំងបនល្បែង ខុសច្បាប់ ទាំងអស់នេះ ដែលបន្តបើកទទួលជនញៀនល្បែង មកពពាក់ពពូនគ្នា លេងល្បែងភ្នាល់ ដោយរលូន ខណៈដែលល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះ គឺជាដើមចមនៃការបង្កបង្កើត នៃបទល្មើស ជាពិសេស អំពើហិង្សា លួច ប្លន់ កាប់សម្លាប់ ព្រាត់ប្រាសប្ដីប្រពន្ធកូន គឺកើតចេញពីល្បែង។
ចំណែកលោក ខន រ៉ានី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប សារព័ត៌មានយើងធ្លាប់បានផ្តល់ព័ត៌មាន ជូន ប៉ុន្តែហាក់ដូចជាគ្មានចំណាត់ បង្ក្រាបទប់ស្កាត់សោះ។
ជាក់ស្តែងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារសារព័ត៌មាន យើងបានខលរាយការណ៍ ទំនាក់ទំនងផ្ដល់ព័ត៌មានជូនដល់លោក ខន រ៉ានី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប ប៉ុន្តែទូរស័ព្ទខលចូលគ្មានអ្នកលើក។
រីឯទីតាំងល្បែងស៊ីសង ស្ថិតនៅឃុំកណ្តឹង ស្រុកបាទី ធ្លាប់បាន បណ្ដាញសារព័ត៌មានជាច្រើនចុះផ្សាយ និងធ្លាប់បានសមត្ថកិច្ចចុះស្រាវជ្រាវ ប៉ុន្តែមិនដែរបង្ក្រាបបាននោះទេ។
ពាក់ព័ន្ធទៅនិងករណី ទីតាំងល្បែងស៊ីសងដុះស្លែទាំងអស់នេះ តើលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី នៃស្នងការនគរបាលខេត្តតាកែវ មានសមត្ថភាព បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះបានដែរឬយ៉ាងណា?
មហាជនជាច្រើន កំពុងរង់ចាំមើលចំណាត់ការ របស់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធក្នុងមូលដ្ឋាន និង កំពុងរង់ចាំមើលចំណាត់ការរបស់ លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ហ៊ានចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះ ដែរឬទេ៕
ជុំវិញករណីល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែងក្នុងស្រុកបាទី ខេត្តតាកែវ មហាជនជាច្រើន ស្នើសុំដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយចាក់ចង្កេះលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ផងទាន ជៀសវាងគាត់ជាប់ត្រគៀក មិនអាចចេញមុខមកបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077 90 66 64 Cellcard
☎️098 90 66 64 Smart
No comments