ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្លុះប្លោកនោមយ៉ាងរន្ធត់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្លុះប្លោកនោមយ៉ាងរន្ធត់ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសចំក្រោមប្លោកនោម បង្កអោយមានការភ្ញាក់ផ្អើល នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។
ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណដោយមានវ័យប្រមាណ៣០ឆ្នាំបើករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AY–3468។
តាមប្រភពព័ត៌មានបឋម នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះបើករថយន្តតែម្នាក់ឯង តាមបណ្តោយផ្លូវក្នុងមជ្ឈមណ្ឌលកោះពេជ្រ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកព្រូសដូចគ្នា បានបើកមកបង្កគ្រោះថ្នាក់ចរាចរណ៍តិចតួច ហើយភាគីម្ចាស់រថយន្តទាំង២ ក៏ចុះនិយាយគ្នា។ប្រភពបន្តថាទំនងដោយការនិយាយមិនចុះសម្រុងគ្នា ភាគីម្ខាង បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ចេញពីចង្កេះ រួចធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ទៅលើភាគីម្ខាងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើង បានឡើងជិះរថយន្តរត់គេចពីកន្លែងកើតហេតុ។ ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ នឹងទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយឲ្យទៅទទួលយកជនរងគ្រោះ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក រថយន្តជនរងគ្រោះ សមត្ថកិច្ចសម្រេចយកទៅរក្សាទុកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនបណ្តោះអាសន្ន។
ប្រភពព័ត៌មានបានបន្ថែមថា ជនបង្កបន្ទាប់ពីបាញ់ជនរងគ្រោះអោយរបួសរួចមក ក៏បេីករថយន្តមកសម្ងំលាក់ខ្លួននៅក្នុងអគារ City Hall កោះពេជ្រ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងនៅខាងក្នុង សាកសួរនាំពត៌មាន ទ្វាររបងត្រូវបានបិទ និងចាក់សោរជាប់មិនអនុញ្ញាតឲ្យអ្នកណាចេញចូលឡេីយ សូម្បីសមត្ថកិច្ចដែរពាក់ព័ន្ធ និងអធិការរងខណ្ឌដែរមកក្រោយហេតុការណ៍ គឺខាងអ្នកគ្រប់គ្រងអគារមិនអនុញ្ញាតឲ្យចូលទេ។ ប្រភពខាងក្នុង បានខ្សឹបប្រាប់អោយដឹងថា ជនបង្ក ក៏នៅខាងក្នុងអគារCity Hall នោះដែរ។
យ៉ាងណាមិញ ជុំវិញករណីបាញ់ប្រហារនេះ សមត្ថកិច្ចបានសាកសួរនាំប្រភពនៅកន្លែងកើតហេតុ និងពិនិត្យជុំវិញកាំមេរ៉ាសុវត្ថិភាពដែលមាននៅក្បែរ ឬជុំវិញកន្លែងកើតហេតុ ដើម្បីកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង នឹងឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕
No comments