អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំបេីកវិទ្យាល័យព្រះសីហនុ ដេីម្បីឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំបេីកវិទ្យាល័យព្រះសីហនុ ដេីម្បីឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ
ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជេីញចុះពិនិត្យការរៀបចំបេីកសាលាវិទ្យាល័យព្រះសីហនុ ដេីម្បីឲ្យសិស្សានុសិស្សបានចូលរៀនវិញក្នុងពេលឆាប់ៗនេះ ខណៈក្រុមការងារបានធ្វេីការបាញ់ថ្នាំសម្លាប់មេរោគ បន្ទាប់ពីអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ត្រូវបានប្តូរទៅសម្រាកព្យាបាលនៅឃ្លាំងពាណិជ្ជកម្ម ក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ហេីយនោះ។
ក្នុងឱកាសនោះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញណែនាំដល់មន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាក្នុងរយៈពេល៣ថ្ងៃទៀត ត្រូវរៀបចំដឹកជញ្ជូនគ្រែ និងសម្ភារផ្សេងៗ ចេញពីសាលាឲ្យអស់ ជាពិសេសត្រូវរៀបចំសំអាតបរិស្ថានទាំងក្នុងបន្ទប់ និងទីធ្លាជុំវិញខាងក្រៅសាលា លេីសពីនោះត្រូវបាញ់ថ្នាំសម្លាប់មេរោគឲ្យបានគ្រប់សព្វទីកន្លែងទៀតផង។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់គណៈគ្រប់គ្រងសាលា ដេីម្បីប្រេីប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗ ក្នុងដំណេីរការបេីកសាលារៀននេះផងដែរ។
គួររំលឹកផងដែរថា កន្លងទៅនេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំឃ្លាំងពាណិជ្ជកម្ម ចំនួន៣ទីតាំង សម្រាប់ធ្វើជាមន្ទីរពេទ្យពិនិត្យព្យាបាលជំងឺកូវីដ-១៩កម្រិតស្រាល និងកន្លែងសម្រាប់ធ្វើចត្រាឡីស័ក ដោយទីតាំងទី១- ឃ្លាំងពាណិជ្ជកម្ម ស្ថិតក្នុងស្រុកកំពង់សៀម គឺត្រូវបានរៀបចំ ជាមន្ទីរពេទ្យសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលដែលអាចផ្ទុកអ្នកជំងឺបានក្នុងរង្វង់ជិត ១០០០នាក់។ ទីតាំងទី២- ឃ្លាំងនៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម ធ្វើជាមណ្ឌលចត្តាឡីស័ក ដែលអាចដាក់ប្រជាពលរដ្ឋក្នុងរង្វង់ពី ៨០០ទៅ១០០០នាក់។និងទីតាំងទី៣-ឃ្លាំងនៅក្នុងស្រុកកងមាស ធ្វើជាមណ្ឌលចត្តាឡីស័ក ដែលអាចដាក់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កក្នុងរង្វង់ពី៨០០ទៅ១០០០នាក់ផងដែរ៕
No comments