ឯកឧត្តម ប៊ុន ហុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាពលរដ្ឋមានជីវភាពក្រលំបាកនៅឃុំធិបតី និងឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ឯកឧត្តម ប៊ុន ហុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ចែកជូនប្រជាពលរដ្ឋមានជីវភាពក្រលំបាកនៅឃុំធិបតី និងឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៊ុន ហុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ជាគ្រឿងឧបភោគ-បរិភោគ និងថវិកា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពលំបាកក្នុងពេលនៃវិបត្តិមេរោគកូវីដ-១៩ ចំនួន ២០គ្រួសារនៅឃុំធិបតី និង ១៥គ្រួសារ នៅឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ថ្លែងសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ប៊ុន ហុន បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង និងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមចំណែក និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងទាំងមូល។
ឯកឧត្តម ប៊ុន ហុន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីត្រៀមលក្ខណៈបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់ដែលបងប្អូនស្រលាញ់ពេញចិត្ត ក៏ដូចជាបំពេញតួនាទីជាពលរដ្ឋល្អ។ ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ តែងតែនៅក្បែរនិងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសបានយកចិត្តទុកដាក់មិនអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់អត់អាហារឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន បានគោរពថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងអស់ពីកម្លាំងកាយចិត្ត ស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា និងទាន់ពេលវេលា ក្នុងនោះប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកគាស់ក្រឡទាំងមូលក៏ទទួលបានការចាក់វ៉ាក់សាំងដូសទី២ បានរួចរាល់គ្រប់ៗគ្នាផងដែរ។
ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អោយបន្តអនុវត្តវិធានការសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន អោយបានខ្ជាប់ខ្ជួន ដើម្បីសុខភាព និងសុខមាលភាពរបស់បងប្អូនផ្ទាល់ ក៏ដូចជាសហគមន៍ទាំងមូល។
ជាកិច្ចឆ្លើយតប បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងក្រុមការងារចុះជួយស្រុកគាស់ក្រឡ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាពិសេសក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ៕
No comments