បើកដំណើរការឡើងវិញរថយន្តក្រុង និងកាណូត ដោយបម្រើដឹកជញ្ជូនប្រជាពល រដ្ឋមិនយកលុយរយៈពេល៦ថ្ងៃ
បើកដំណើរការឡើងវិញរថយន្តក្រុង និងកាណូត ដោយបម្រើដឹកជញ្ជូនប្រជាពល រដ្ឋមិនយកលុយរយៈពេល៦ថ្ងៃ
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS) រាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS)ដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតយោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ខែ វិច្ឆិកា ឆ្នាំ ២០២១ ។ រដ្ឋាករស្វយ័តដឹក ជញ្ជូនសាធារណៈរថយន្តក្រុង (CyBus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាករស្វយ័តដឹកជញ្ជូន នឹងដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនិងកាណូតឡើងវិញ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមខ្សែរត់ដូចខាងក្រោម៖ ១- រថយន្តក្រុង - ខ្សែទី១ : ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងវាលស្បូវ - ខ្សែទី២ : ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយ៍ចំណតរថយន្តក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។ - ខ្សែទី៣ : ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដលស្ថានីយ៍ចំណត រថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី។ - ខ្សែទី៤A: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណត រថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី។ ខ្សែទី៤៧: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណត រថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីចោមចៅ។ ២- កាណូតៈ ចេញពីស្ថានីយ៍ចំណតសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ ។ សេចក្ដីជូនដំណឹងបានឱ្យដឹងទៀតថា ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យជិះដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងគិតកម្រៃសេវាធម្មតា ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លើកលែងមិនគិតថ្លៃសេវាចំពោះព្រះសង្ឃ ចាស់ជរា កុមារកម្ពស់ក្រោម ១ម៉ែត្រ សិស្ស-និស្សិត កម្មករ- កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន។ ល័ក្ខខ័ណ្ឌ នៃការជិះរថយន្តក្រុង និងកាណូត អ្នកដំណើរទាំងអស់ត្រូវគោរពតាមវិធានសុខាភិបាល ដោយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញ វ័យ ពាក់ម៉ាស់ លាងដៃនិងអាល់កុល វាស់កម្ដៅ ស្តេន QR Code និងអង្គុយតាមកៅអី ដែលបានរៀបចំ៕
No comments