រដ្ឋបាលខណ្ឌដូនពេញ ចាត់កម្លាំងបញ្ជាការឯកភាព ចុះត្រួតពិនិត្យទីតាំងចំនួន០៤ និងដកហូតវត្ថុតាងមួយចំនួន
រដ្ឋបាលខណ្ឌដូនពេញ ចាត់កម្លាំងបញ្ជាការឯកភាព ចុះត្រួតពិនិត្យទីតាំងចំនួន០៤ និងដកហូតវត្ថុតាងមួយចំនួន
ផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៩:២៨នាទីភ្នំពេញ៖ កាលពីវេលាម៉ោង១៦:០០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌត្រួតពិនិត្យទីតាំងចំនួន០៤ ដែលសង្ស័យប្រព្រឹត្តល្បែងសុីសងខុសច្បាប់តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។
ពេលចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញថា មានអាជីវកម្មចំនួន ៣ទីតាំង បម្រុងនឹងបេីកនិងទីតាំងចំនួន០១ បិទទ្វា។
ជាលទ្ធផលក្រុមការងារបានធ្វើកំណត់ហេតុបិទទីតាំងដែលបម្រុងបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ៥៣,៥៤ សង្កាត់ស្រះចកខណ្ឌដូនពេញ ដោយក្រុមការងារបានដកហូតកុំព្យូទ័រ២៧គ្រឿង និងម៉ូនីត័រចំនួន២៧ ទូរទស្សន៍មួយចំនួន។ ទីតាំងទី២ អប់រំណែនាំ (ព្រោះមិនមានសកម្មភាព) ទីតាំងទី៣ បិទទ្វា និងទីតាំងទី៤ ស្ថិតនៅផ្លូវលេខ ៨៦ សង្កាត់ស្រះចក ដកហូតបានទូរទស្សន៍ ០១ និងកុំព្យូទ័រចំនួន១១ គ្រឿង កៅអីចំនួន១៣ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។
បងប្អូនប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវក្តីរីករាយសាទរចំពោះចំណាត់ការរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ចំពោះកិច្ចប្រតិបត្តិការបង្ក្រាបទប់ស្កាត់រាល់អំពើល្មើសច្បាប់ទាំងឡាយណាដែរមាននៅក្នុងមូលដ្ឋាន៕
No comments