សម្ដេចតេជោ ហ៊ុន សែន៖ ការបើកសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញ ឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ ដោយធានាឱ្យបាននូវសុខភាព សុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាជន
សម្ដេចតេជោ ហ៊ុន សែន៖ ការបើកសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញ ឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ ដោយធានាឱ្យបាននូវសុខភាព សុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាជន
ភ្នំពេញ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងការប្រកាសបើកដំណើរការប្រទេសពេញលេញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបើកសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញដោយក្លាហាន តែឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ និងមិនធ្វេសប្រហែស ដោយធានាឱ្យបាននូវតុល្យភាពជាមួយនឹងតម្រូវការចាំបាច់នៅក្នុងការការពារសុខភាព អាយុជីវិត និងសុវត្ថិភាពនៃការស់នៅរបស់ប្រជាជន។
ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើងក្នុង ក្របខ័ណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នាវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងរៀបចំបញ្ចប់ នឹងដាក់ចេញក្នុងពេលឆាប់ខាងមុខនូវយុទ្ធសាស្ត្រជាតិ ស្ដីពីការរស់នៅតាមគន្លងថ្មី ក្នុងបរិបទកូវីដ-១៩ ស្របតាមអភិក្រម ១. ការបើកឡើងវិញស្របតាមសភាពការណ៍ជាក់ស្ដែងអនុញ្ញាត ២. ការបើកឡើងវិញដោយប្រយ័ត្នប្រយែងដោយផ្អែកលើវិសាលភាព នៃតំបន់ ឬវិស័យ ឬអនុវិស័យនៃប្រភេទសកម្មភាពសង្គម-សេដ្ឋកិច្ច ផ្សារភ្ជាប់ជាមួយវិធាន និងស្តង់ដារប្រតិបត្តិនៃសុវត្ថិភាព ពីជំងឺកូវីដ-១៩ និង ៣.ការក្សាភាពបត់បែនតាមរយៈការអនុវត្តយុទ្ធសាស្ត្របើកបិទ ស្របតាមសភាពការណ៍តម្រូវ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ដថា មានកត្តា ៤ ដែលយើងអាចបើកដំណើរការប្រទេសឡើងវិញពេញលេញ ក្នុងនោះកត្តាទី១. កម្ពុជាសម្រេចបានជោគជ័យលើ ការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាននិងបានចាស់ដូសជំរុញ។ ដូច្នេះការចាក់វ៉ាក់សាំងរបស់យើង គឺបានបង្ហាញនូវភាពស៊ាំក្នុងសហគមន៍ ដែលយើងអាចកាត់បន្ថយបាននូវអត្រាមរណភាព និងកាត់បន្ថយបាននូវការវិវត្តឈានទៅធ្ងន់ធ្ងរ ឬការឆ្លង ឬឆ្លងហើយតែវាមិនធ្ងន់ធ្ងរ។ កត្តា ទី២. រាជរដ្ឋាភិបាលបានពង្រឹង និងពង្រីកសមត្ថភាពព្យាបាលកូវីដ ដើម្បីត្រៀមលក្ខណៈ ម្ចាស់ការ ក្នុងករណីដែលការរាលដាលទ្រង់ទ្រាយធំកូវីដ-១៩អាចកើតឡើងជាយថា ហេតុ។ ទន្ទឹមនេះ ឱសថដែលមានប្រសិទ្ធភាពសម្រាប់ព្យាបាលកូវីដ-១៩ ក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ ហើយត្រូវបានបើកទូលាយសម្រាប់ផ្គត់ផ្គង់ជូនសេវាសុខាភិបាល ទាំងសាធារណៈ ទាំងឯកជន និងសម្រាប់ជូនប្រជាពលរដ្ឋឱ្យអាចរកបានដោយងាយស្រួលនៅតាមឱសថស្ថាននានា។ នៅត្រង់ចំណុចនេះ សម្ដេចតេជោបានគូសបញ្ជាក់ថា «ក្រៅពីឱសថដែលយើងបាននិងកំពុងព្យាបាល យើងកំពុងទិញថ្នាំសម្រាប់ការព្យាបាលចំនួន ៥ម៉ឺននាក់ ដែលជាឱសថរបស់អាម៉រិកដែលគេថាព្យាបាលល្អ ក្នុងតម្លៃម្នាក់ ៥០ដុល្លារ អាម៉េរិក ដែលមានតម្លៃសរុបប្រមាណជា ២លានសែនដុល្លារអាម៉េរិក»។
សម្ដេចតេជោថ្លែងឱ្យដឹងទៀតថា «ការពិតអ្នកជំងឺរបស់យើងមានប្រមាណតែប៉ុន្មាន ពាន់នាក់នោះទេ តែយើងទិញត្រៀមទុកសម្រាប់ព្យាបាលមនុស្ស៥ម៉ឺននាក់។ ប៉ុន្តែសូមប្រជាពលរដ្ឋរបស់យើងកុំផ្អែកថាថ្នាំនេះល្អ ហើយបាត់ការប្រុងប្រយ័ត្ន។ ពីមុនយើងប្រើថ្នាំព្យាបាលកូវីដជាច្រើន ដូចជា ឱសថរបស់ចិន ឥឡូវមានថ្នាំអាម៉េរិកល្អ យើងយកថ្នាំអាម៉េរិកាំង កុំឱ្យថាខ្មែររើសអើងរបស់អាម៉េរិកមិនប្រើ គឺអត់ទេ របស់អ្នកណាក៏ដោយឱ្យតែមានប្រសិទ្ធភាពជួយជីវិតប្រជាជនខ្មែរបាន គឺយើងទិញ»។ កត្តាទី៣ តាមរយៈបទពិសោធន៍ និងគ្រប់គ្រងការឆ្លងរាដាលកូវីដ-១៩ កន្លងមក អាជ្ញាធរមានសមត្ថិកច្ចមានការយល់កាន់តែច្បាស់អំពីជំងឺនេះ និងអំពីរបៀបគ្រប់គ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះក្នុងទ្រង់ទ្រាយធំ។ កត្តាទី៤ បច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើន បានយល់ដឹងកាន់តែច្រើនអំពីកូវីដ-១៩ ក៏ដូចជាអំពីរបៀបការពារខ្លួន និងការរស់នៅជាមួយនិងកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងអំពីរបៀបនៃការព្យាបាលកូវីដ-១៩ កម្រិតស្រាលនៅផ្ទះដោយខ្លួនឯង។ សម្តេចតេជោក៏បានលើកឡើងអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ ស្កាត់ជំងឺកូវីដ១៩ នាពេលកន្លងមក ដែលរហូតមកដល់ពេលនេះមានចំនួន៤ដំណាក់កាល ដែលក្នុងនោះរួមមាន ដំណាក់កាលទី១ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០។ ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ១៩ ចូលសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១។ ដំណាក់កាលទី៣ ការបង្កើតភាពសុំាក្នុងសហគមន៍ប្រឆាំងកូវីដ១៩ តាមរយៈការអនុវត្តន៍យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ គួបផ្សំជាមួយការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ននេះ និងដំណាក់កាលទី៤ ចាប់ពីពេលនេះ គឺការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ប្រសិនបើការបើកដំណើរការ ហើយដំណើរការបានល្អដូចសព្វថ្ងៃ យើងអាចវាយតម្លៃបានថា កម្ពុជា កំពុងចាកចេញពីប្រទេស ដែលមានហានិភ័យពីកូវីដ១៩ហើយ។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១១៨ ៦១៣ នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៤ ៩០២ នាក់ ស្លាប់សរុបចំនួន ២ ៧៩៤ នាក់៕
No comments