ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព និងបញ្រ្ចាសទិស ហើយចង្អុលមុខបម្រុងវាយសមត្ថកិច្ច
ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព និងបញ្រ្ចាសទិស ហើយចង្អុលមុខបម្រុងវាយសមត្ថកិច្ច
ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១៣:៥០នាទី នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ កែងនិងផ្លូវ ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមសមត្ថកិច្ចចរាចរណ៍ឈរជើងនៅចំណុចកើតហេតុបានអះអាងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំណុចគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់ រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលពាក់អាវស គ្មានកញ្ចក់ គ្មានមួក ក្នុងទិសដៅពីកើតទៅលិចបម្រុងបត់ឆ្វេង ពេលឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេទៀត ទើបសមត្ថកិច្ចឃាត់ដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ។ បន្ទាប់មកបុរសខាងលើ រកវាយសមត្ថកិច្ចនិងបញ្ចេញកាយក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ប្រចាំគោលដៅបានរាយការណ៍និងសុំគោលការណ៍ពីថ្នាក់លើ បញ្ជូនបុរសរូបនេះ ទៅកាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់៕
No comments