សមត្ថកិច្ចចុះអប់រំ និងធ្វើកិច្ចសន្យា ចំពោះម្ចាស់ហាងកាហ្វេ ដើម្បីកុំឲ្យមានធ្វើសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់
សមត្ថកិច្ចចុះអប់រំ និងធ្វើកិច្ចសន្យា ចំពោះម្ចាស់ហាងកាហ្វេ ដើម្បីកុំឲ្យមានធ្វើសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់
ផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨:១៨នាទីកំពង់ចាម៖ បន្ទាប់ពីមានបណ្តាញសារព័ត៌មាន «កងមាស» ចុះផ្សាយអំពីករណីបេីកលេងល្បែងស៊ីសងខុសច្បាប់តាមទូរទស្សន៍អនឡាញ កាលពីថ្ងៃទី២៤ វិច្ឆិកា នៅចំណុចភូមិអង្គរបានទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការនគរបាលស្រុកកងមាស ដែលដឹកនាំដោយលោកអធិការ ជា ជួន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបាន រួមនិងអាជ្ញាធរមូលដ្ឋាន ចុះដល់ចំណុចទីតាំង។
ជាលទ្ធផល៖ ម្ចាស់ទីតាំងឈ្មោះ ហាយ គឹមសៀង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គរបានទី៩ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម មានមុខរបរលក់កាហ្វេ និងភេសជ្ជៈ បានឆ្លើយបំភ្លឺចំពោះសមត្ថកិច្ចថា «ខ្លួនពិតជាបានបើកបញ្ចាំងល្បែងជល់មាន់តាមទូរទស្សន៍ ឲ្យអ្នកផឹកកាហ្វេ ឬភេសជ្ជៈមើលពិតមែន ដោយមានអ្នកមើលតែ៥ទៅ៦នាក់ទេ ហើយក៏ពុំមានភ្នាល់ដាក់លុយដែរ គ្រាន់តែមើលកំសាន្តប៉ុណ្ណោះ»។
បន្ទាប់ពីធ្វើការសាកសួរបំភ្លឺរួច សមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាអប់រំ ដល់ម្ចាស់ទីតាំងខាងលេីដើម្បីកុំឲ្យមានសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ជាដាច់ខាត។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏បានអំពាវនាវចំពោះបណ្តាញសារព័ត៌មាន និងសាធារណជន រួមទាំងបណ្តាញទំនាក់ទំនងសង្គម ឲ្យចូលរួមសហការបន្តផ្ដល់ព័ត៌មាន ដើម្បីសមត្ថកិច្ចបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា។
សូមបញ្ជាក់ដែរថា៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឈ្មោះ ហាយ សៀង ដែលជាម្ចាស់ទីតាំងបានធ្វើការបំភ្លឺមកកាន់អង្គភាពសារព័ត៌មាន «កងមាស» តាមរយៈទូរស័ព្ទ ថា៖ «គាត់គ្រាន់តែបើកទូរទស្សន៍បញ្ចាំងមាន់ជល់ ចំណែកឯអ្នកភ្នាល់លុយ គាត់មិនបានដឹងទេ ដោយសារតែគាត់រវល់លេងបាល់មិនបាននៅពិនិត្យមើល» (ពោលគឺ៖ អ្នកភ្នាល់លុយស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកងលាយឡំជាមួយពាក្យសម្ដី ៨រង ៦រង រង៥មុឺន រង៨មុឺ រង១០មុឺន) ក៏គាត់មិនដឹង មិនលឺដែរ។
ប្រជាពលរដ្ឋជាច្រើន បានសម្តែងនូវក្តីរីករាយ នឹងសាទរចំពោះកិច្ចប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដែលតែងតែខិតខំប្រឹងប្រែង បង្ការ ទប់ស្កាត់ រាល់បទល្មើសតូចធំក្នុងមូលដ្ឋាន៕
No comments