ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជួយពិនិត្យមើលដងផ្លូវជាតិលេខ១ ផងខ្ទិចអស់ហើយ
ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជួយពិនិត្យមើលដងផ្លូវជាតិលេខ១ ផងខ្ទិចអស់ហើយ
ផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩:៥១នាទីភ្នំពេញ៖ នៅបណ្តោយផ្លូវជាតិលេខ១ ចំណុចមុខក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែរងការខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តធុនធំមានទម្ងន់រាប់សិបតោនបើកកាត់ចំគំរបលូ បាក់បែកខ្ទេច បណ្តាលឲ្យមានការកកស្ទះទឹក មិនហូរចូលក្នុងលូ ហូរតែពីលើលូធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ពលរដ្ឋដែលរស់នៅក្បែរនោះ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ មានការសោកស្តាយ ចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ គឺផ្លូវជាតិលេខ១ ដែលមានបណ្តាញប្រព័ន្ធលូបង្ហូរទឹក បែរជារងការខូចខាតជាបណ្តើរៗ ដោយសារតែរថយន្តធុនធំរបស់ក្រុមឈ្មួញមួយចំនួន កំពុងនាំគ្នាដឹកយ៉ាងគគ្រឹកគគ្រេង មានទម្ងន់រាប់សិបតោន បណ្តាលឱ្យផ្លូវ និងលូ ខូចខ្ទិច ក្លាយទៅជាជង្ហុកតូចធំ រីឯអាជ្ញាធរខណ្ឌច្បារអំពៅ ដែលដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌ បែរជានៅសម្ងំស្ងៀម ហាក់បីដូចជាមិនអើពើបន្តិចសោះឡើយ។
ប្រជាពលរដ្ឋបន្តទៀតថា៖ «រថយន្តធុនធំទាំងនោះ មិនត្រឹមតែដឹកធ្ងន់នោះទេ គឺបើកបរគ្មានសំចៃឡើយ ក្នុងល្បឿនលឿន ទោះបីជាផ្លូវត្រូវបត់ ឬផ្លូវចង្អៀត ក៏មិនគិតពីសុវត្ថិភាពប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែរ»។
ពលរដ្ឋរូបនោះបានបញ្ជាក់ថា៖ បើសិនជារថយន្តទាំងនោះ នៅតែដឹកបែបនេះ ទោះបីជាថ្នាក់ដឹកនាំខិតខំជួសជុល ឬធ្វើផ្លូវក្រាលកៅស៊ូថ្មីៗ ដាក់ប្រព័ន្ធលូ ចំណាយអស់ថវិកាជាតិរាប់លានដូល្លា ក៏មិនអាចប្រើប្រាស់ផ្លូវនោះបានយូរអង្វែងដែរ (ពោលគឺ៖ ខូចខាតអស់ទៅវិញយ៉ាងឆាប់រហ័ស ដោយសារតែក្រុមឈ្មួញមួយក្តាប់តូច ជាអ្នកបំផ្លិចបំផ្លាញ)។
ប្រជាពលរដ្ឋ ក៏បានរិះគន់ចំៗ ចំពោះភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន (ពោលគឺ) ពលរដ្ឋរាយការណ៍និងស្នើសុំឱ្យជួយចុះពិនិត្យ បែរជាឆ្លើយយ៉ាងខ្លីថា៖ «ទទួលបានបង» រីឯភាពទទួលខុសត្រូវបែរជាស្ងាត់ជ្រងំ។
ប្រជាពលរដ្ឋជាច្រើន ស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីចុះពិនិត្យមើលស្ថានភាពផ្លូវនៅចំណុចខាងលើនេះផងទាន៕
No comments