មិននឹកស្មានថាគ្រូបង្រៀនបើកបររថយន្ត ៨មីនា ជាចោរលួចដ៏សកម្មសោះ ប៉ុន្តែពេលនេះដៃជាប់ខ្នោះហើយ!
មិននឹកស្មានថាគ្រូបង្រៀនបើកបររថយន្ត ៨មីនា ជាចោរលួចដ៏សកម្មសោះ ប៉ុន្តែពេលនេះដៃជាប់ខ្នោះហើយ!
ខេត្តកណ្តាល៖ ពិតជាមិននឹកស្មានដល់សោះថាគ្រូបង្រៀនបើកបររថយន្ត៨មីនាម្នាក់ ជាចោរលួចដ៏សកម្មបានលួចកៅអីឈើរបស់ម្ចាស់ផ្ទះសំណាក់ភ្នំមាសជាច្រើនលើកច្រើនសារមកហើយ ទើបអស់លក្ខណ៍នៅវេលាម៉ោង៤និង០០នាទីទៀបភ្លឺ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ នៅចំណុចក្នុងផ្ទះសំណាក់ភ្នំមាសភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យបណ្ដាញព័ត៌មាន ដឹងនៅរសៀលថ្ងៃនេះ ជនសង្ស័យឈ្មោះ ឃន វណ្ណៈ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងរំដួល ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ មុខរបរគ្រូបង្រៀនបើកបររថយន្ត៨មីនា ដែលត្រូវកម្លាំងឃាត់ខ្លួនរួមជាមួយរថយន្ត០១គ្រឿងម៉ាក Camry បាឡែន ពណ៌ស បិតស្លាក៨មីនាបើកបរ ស្លាកលេខ ភ្នំពេញ 2AO-5783 ដែលជារបស់ជនសង្ស័យ, ទូរស័ព្ទដៃ១គ្រឿង ម៉ាក Oppo F9 ពណ៌ខៀវនិងកៅអីឈើចំនួន៦ដែលជារបស់ជនរងគ្រោះ។
ជនរងគ្រោះឈ្មោះ ផន ប្រុសតូច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមេការ
ផ្ទះសំណាក់ភ្នំមាស។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានក្រុងតាខ្មៅបានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុ មានជនសង្ស័យខាងលើ បានចូលដេកផ្ទះសំណាក់ភ្នំមាស។លុះមកដល់ពេលវេលាកើតហេតុខាងលើ ជនសង្ស័យបានគិតលុយចេញពីផ្ទះសំណាក់ ដោយបានលួចកៅអីឈើចំនួន២លើកដាក់ក្នុងរថយន្តរបស់ខ្លួន តែដោយមានការសង្ស័យខាងបុគ្គលិកផ្ទះសំណាក់ បានឃាត់សួរនាំហើយឃើញកៅអីឈើរបស់ផ្ទះសំណាក់ចំនួន២នៅក្នុងគូទរថយន្ត ហើយក៏បានប្តឹងសមត្ថកិច្ចឲ្យចុះឃាត់ខ្លួនដេីម្បីយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ឃន វណ្ណៈ បានឆ្លេីយសារភាពថា ខ្លួនពិតជាបានលួចយកកៅអីរបស់ជនរងគ្រោះចំនួនបីដងទាំងលេីកហ្នឹងបានកៅអីឈេីចំនួន៦កៅអីដោយលួចតែម្នាក់ឯងទេពិតប្រាកដមែន។
ប្រភពព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕
No comments