មួយសំណាញ់របស់លោកស្នងការខេត្តកណ្ដាលក្របួចបានក្រុមក្មេងស្ទាវ១០នាក់នៅស្រុកកៀនស្វាយ
មួយសំណាញ់របស់លោកស្នងការខេត្តកណ្ដាលក្របួចបានក្រុមក្មេងស្ទាវ១០នាក់នៅស្រុកកៀនស្វាយ
កណ្ដាល៖ ក្រោយពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទទួលបានព័ត៌មានថាមានក្រុមក្មេងស្ទាវកំពុងពពាក់ពពូនគ្នាជក់ បឺត ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងឃុំគគីរភ្លាម លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកណ្តាលក៏បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ឲ្យលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនៃអធិការដ្ឋានស្រុកកៀនស្វាយដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំគគីរសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកចុះធ្វើការឃាត់ខ្លួនក្រុមក្មេងស្ទាវជាជនសង្ស័យចំនួន១០នាក់មានទាំងស្រីមានទាំងប្រុស។
ដោយហេតុការណ៍ដ៏ក្ដៅគគុកនេះបាន ប្រព្រឹត្តទៅនៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២ និង១០នាទីនៅចំណុចភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងបេសកកម្មនេះ កម្លាំងសមត្ថកិច្ចប្រមូលបានភស្តុតាងជាក់ស្ដែងបានមួយចំនួនរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៩កញ្ចប់, សម្ភារៈសម្រាប់រប្រើប្រាស់ ថ្នាំញៀនមួយចំនួននិងទូរស័ព្ទចំនួន០២គ្រឿង។
តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋល្អបានរាយការណ៍មកកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរថានៅចំនុចផ្ទះ ឈ្មោះ ពង្ស សុភារះ ភេទប្រុស កំពុងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ថ្នាំញៀន ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ខាងលើជាបន្តបន្ទាប់និងធ្វើការឆែកឆេរ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន ៩កញ្ចប់។
ប្រភពដដែលបានបន្តថា នៅក្រោមគូទ ឈ្មោះ សឿន ចិន្តា ហៅចិន ក៏ត្រួតពិនិត្យឃើញមានសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ខណៈនោះសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងយកមកផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកដើម្បីសួរនាំ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា នៅចំពោះមុខសមត្ថកិច្ចកិច្ចជនសង្ស័យឈ្មោះ សឿន ចិន្តា ហៅចិន បានឆ្លើយសារភាពថាថ្នាំញៀនខាងលើពិតជារបស់ខ្លួនប្រាកដមែនដែលឈ្មោះ និន ភេទប្រុស មិនស្គាល់ត្រកូលនិងមិនស្គាល់ទីលំនៅ បានផ្ញើរឲ្យខ្លួនដើម្បីយកមកចែកចាយបន្ត។
គួរជម្រាបជូនថាបច្ចុប្បន្នជនសង្ស័យទាំង១០នាក់ ក្រោយកម្លាំងជំនាញសួរនាំនិងធ្វើកំណត់ហេតុចប់ ក៏បានបញ្ជូនខ្លួនរួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនិតិវិធី៕
No comments