រដ្ឋបាលខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ផ្តល់ជូន ពលរដ្ឋរងគ្រោះដោយភ្លេីងឆេះផ្ទះ ៣គ្រួសារ នៅស្រុកកំពង់សៀម
រដ្ឋបាលខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ផ្តល់ជូន ពលរដ្ឋរងគ្រោះដោយភ្លេីងឆេះផ្ទះ ៣គ្រួសារ នៅស្រុកកំពង់សៀម
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋ ៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម កាលពីម៉ោង ៩ និង១០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យរងរបួសម្នាក់ ឆេះម៉ូតូចំនួន ៨គ្រឿង និងថវិការអស់ប្រមាណជិត ១ម៉ឺន ដុល្លារ។
បន្ទាប់ពីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានឡេីងគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ដូចនេះ ពេលមិននៅ ឬចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រាន ហ្គាស ពន្លត់ទៀន ធូប ជាមុនសិន ។ ម៉្យាងទៀត ការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានផ្តល់អំណោយជូនទាំង ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ៥០គក្រ មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ឃីត (មុង ភួយ សារុង ក្រម៉ា) ១កញ្ចប់ តង់ ១ អាវយឺត ៨ សម្ភារផ្ទះបាយ ១សម្រាប់ និងថវិកា ចំនួន ១លានរៀល ។
គួររំលឹកថា ផ្ទះដែលត្រូវអគ្គិសភ័យឆេះ ១-ឈ្មោះ វ៉ន វឿន អាយុ ៥៦ឆ្នាំ សង់អំពីឈើប្រក់ក្បឿង ទំហំ ៧ x១៣ ម៉ែត្រ ខូចខាតម៉ូតូចំនួន ៣គ្រឿង ថវិកា ៣.០០០ ដុល្លារ មាសចំនួន ៨ជីកន្លះ និងសម្ភារក្នុងផ្ទះ ២-ឈ្មោះ ញឹក សាវ៉ុន អាយុ ៦៣ឆ្នាំ សង់ពីឈើ ប្រក់ស័ង្កសី ទំហំ ៥x៦ ម៉ែត្រ ថវិកា ៩០ម៉ឺនរៀល និងសម្ភារៈក្នុងផ្ទះ ។ ៣-ឈ្មោះ ស គុយលឹម អាយុ ៦០ឆ្នាំ រងរបួស ផ្ទះទំហំ ៧x១៥ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ម៉ូតូចំនួន ៥គ្រឿង ថវិកា ៦.០០០ ដុល្លារ និងសម្ភារក្នុងផ្ទះ។ ដោយសមត្ថកិច្ចប្រេីប្រាស់រថយន្តពន្លត់អគ្គីសភ័យចំនួន ៦គ្រឿង និងបាញ់ទឹកពន្លត់អស់ចំនួន ១០ គ្រឿង ដើម្បីទប់ស្កាត់កុំឲ្យឆេះរាលដាលដល់ផ្ទះជិតខាងផងដែរ៕
No comments