ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់ឡេដ៏ល្បីឈ្មោះត្រូវបានក្រុមចោរចូលប្លន់ យកអស់រាប់លានដុល្លារ
ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់ឡេដ៏ល្បីឈ្មោះត្រូវបានក្រុមចោរចូលប្លន់ យកអស់រាប់លានដុល្លារ
ផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦:៣៦នាទីភ្នំពេញ ៖ ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់ឡេដ៏ល្បីឈ្មោះត្រូវបានក្រុមចោរប្លន់យកអស់រាប់លានដុល្លារ ចោរប្លន់ប្រដាប់អាវុធ ១ក្រុម មានគ្នា ៤នាក់ ជិះរថយន្តម៉ាកឡិចសុី GS-300 មួយគ្រឿង បានធ្វើសកម្មភាពប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ដល់ក្នុងភូមិគ្រឹះ ដោយយកគ្រឿងអលង្ការពេជ្រ និងលុយអស់សរុបជាទឹកប្រាក់ប្រមាណ ១០លានដុល្លារ ។ បន្ទាប់ពីធ្វេីសកម្មភាពរួច ក្រុមចោរបានបើករថយន្តនោះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។ នេះបើតាមការបង្ហើបប្រាប់ឲ្យដឹងពីមន្រ្តីនគរបាលមួយរូប។
មន្រ្តីនគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃ១៩ ខែធ្នូូ ឆ្នាំ២០២១ នៅចណុច ផ្ទះលេខវី០១ បុរីមូនថោន ស្ថិតនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះគឺឧកញ៉ា អ៊ាន សៀវម៉ី ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរ មានអាស័យដ្ឋានកន្លែងកេីតហេតុ ហេីយបាត់បង់គ្រឿងអលង្ការពេជ្រតម្លៃជាង១០លានដុល្លារ និងលុយជាង១០ម៉ឺនដុល្លារអាមេរិចបន្ថែមទៀត ។ ដោយឡែកក្រុមជនសង្ស័យមានគ្នា០៤នាក់ មិនស្គាល់អត្ដសញ្ញាណ ប្រដាប់ដោយអាវុធ និងជិះរថយន្តម៉ាកឡិចសុិសGS-300មួយគ្រឿង។
ទាក់ទិននឹងហេតុការណ៍នេះ គេនៅពុំដឹងលម្អិតជាងនេះនៅឡើយទេ ហើយក្រោយពេលកើតហេតុភ្លាមៗកម្លាំងសមត្ថកិច្ចចម្រុះរួមមានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ បានចុះទៅកាន់ទីតាំងកើតហេតុនោះពិនិត្យយជាក់ស្ដែងព្រមទាំងចេញពួនស្ទាក់គ្រប់ទីកន្លែង ប៉ុន្តែពុំបានជួបប្រទះក្រុមចោរទាំងនោះឡើយ ។
ពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់ខាងលើនេះ ដេីម្បីឈានទៅដល់ការចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕
No comments