វគ្គបណ្តុះបណ្តាលលើកទី៧ របស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា " សី្តពីការសរសេរព័ត៌មានសុីជម្រៅនិងប្រកបដោយវិជ្ជាជីវ:
វគ្គបណ្តុះបណ្តាលលើកទី៧ របស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា " សី្តពីការសរសេរព័ត៌មានសុីជម្រៅនិងប្រកបដោយវិជ្ជាជីវ:
កណ្តាល៖ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ នៅទីស្នាក់ការសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា មានប្រារព្ធកម្មវិធីវគ្គបណ្ដុះបណ្ដាលលើកទី ៧ របស់សមាគម ក្រោមប្រធានបទ " ការសរសេរព័ត៌មានសុីជម្រៅនិងប្រកបដោយវិជ្ជាជីវ: " រយៈពេលមួយថ្ងៃពេញ។
ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ក្រសួងព័ត៌មាន និង ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាននិងជា ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ព្រមទាំងបងប្អូនអ្នកសារព័ត៌មានអញ្ជើញមកពីគ្រប់បណ្ដារាជធានីខេត្ត ចំនួន ៧០ អង្គភាពផងដែរ។
ថ្លែងស្វាគមន៍នៅក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាននេះ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាបានមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃដើម្បីចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ គឺបានផ្ដល់ភាពកក់ក្តៅ អនុសាសន៍និងបទពិសោធន៍ល្អៗ ផ្ដល់ជាយោបល់និងគំនិត ដើម្បីរួមចំណែកឱ្យបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់អនុវត្តឱ្យបានក្រមសីលធម៌និងវិជ្ជាជីវៈ ដែលជាអាវក្រោះដ៏សំខាន់ ដើម្បីការពារខ្លួនយើងក្នុងអាជីពជាអ្នកសារព័ត៌មាន។
លោក ទេស វិបុល បានបន្ថែមថា វគ្គបណ្ដុះបណ្ដាលលើកទី ៧ របស់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានេះ ប្រារព្ធឡើង ដោយមិនមានជំនួយឧបត្ថម្ភគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលណាមួយនៅឡើយទេ ប៉ុន្តែកើតឡើងពី ការចំណាយថវិកាផ្ទាល់ខ្លួនរបស់លោក និង ការរួបរួមសាមគ្គីគ្នារបស់បងប្អូនអ្នកសារព័ត៌មានដែលមកពីគ្រប់ទិសទី បានជួយឧបត្ថម្ភគាំទ្រទាំង សម្ភារៈ ថវិកា ស្មារតី ឲ្យវគ្គបណ្ដុះបណ្ដាលនេះប្រារព្ធទៅគួរជាទីមោទនៈ។
មានមតិសំណេរសំណាល ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាននេះ ឧត្តម ផុស សុវណ្ណ បានមានមតិផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដល់បងប្អូនអ្នកសារព័ត៌មានយើង ។
សម្រាប់ឯកឧត្តមផ្ទាល់ សូមសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលបានរួមចំណែកជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលដល់អ្នកសារព័ត៌មានជាច្រើនវគ្គ និងបានជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនអ្នកសារព័ត៌មានដែលមានជីវភាពខ្វះខាតទីទាល់ក្រ ជួបការលំបាក ជួបឧបទ្ទវហេតុដោយចៃដន្យផ្សេងៗ ព្រមទាំងជួយការពារផ្នែកផ្លូវច្បាប់ ដល់បងប្អូនអ្នកសារព័ត៌មានដែលរងបណ្តឹងផ្សេងៗឬមានក្តីក្តាំនៅតុលាការជាដើម។
ឯកឧត្តមបានក្រើនរំលឹកថា ថា សូមបងប្អូនអ្នកសារព័ត៌មាន មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចុះយកព័ត៌មាននិងការផ្សាយផ្ទាល់ផ្សេងៗ ដោយត្រូវតែប្រកាន់យកជានិច្ចនូវក្រមសីលធម៌និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវដើម្បីជៀសផុតអំពីបញ្ហានិងរឿងរ៉ាវដែលកើតឡើងចំពោះខ្លួនយើងក្នុងអាជីពជាអ្នកសារព័ត៌មាន។
មានមតិថ្លែងនៅក្នុងការបិទវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាននេះដែរ ឯកឧត្តម យ៉ែម ណយទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន បានសំដែងនូវការកោតសរសើរចំពោះការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ និងបានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជានិងថ្នាក់ដឹកនាំសមាគម ហើយឯកឧត្តម បានមានមតិផ្ដាំផ្ញើចំពោះបងប្អូនអ្នកសារព័ត៌មាន ត្រូវចេះរួបរួមសាមគ្គីគ្នា ជួយយកអាសារគ្នា ស្រឡាញ់រាប់អានគ្នា នឹងត្រូវប្រកាន់ភ្ជាប់ជានិច្ច នូវក្រមសីលធម៌និងវិជ្ជាជីវៈគ្រប់ពេលវេលាទាំងអស់ ដើម្បីការពារខ្លួនយើង។
ជាចុងក្រោយឯកឧត្តមក៏បានសំណូមពរដល់សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជាពិនិត្យលទ្ធភាពបើកវគ្គបណ្ដុះបណ្ដាលដល់បងប្អូនអ្នកសារព័ត៌មានយើងជាបន្តបន្ទាប់ទៅទៀត ដើម្បីរួមចំណែកជាមួយក្រសួងព័ត៌មាន ជួយដល់បងប្អូនអ្នកសារព័ត៌មាន ឲ្យពួកគាត់មានការយល់ដឹងអំពីតួនាទី ភារកិច្ច និងកាតព្វកិច្ច ចំណេះដឹង សមត្ថភាព របស់ខ្លួន នៅក្នុងសង្គមប្រជាធិបតេយ្យនិងនិងសង្គមមានសុខសន្តិភាព ដោយដើរតួជាព្រាបនាំសារប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈគ្រប់ពេលវេលា។
ថ្លែងក្នុងឱកាសបិទកម្មវិធីនោះដែរ លោកព្រឹទ្ធាចារ្យ ហង្ស ចក្រា អនុប្រធានទី ២ នៃសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានសំណូមពរដល់បងប្អូនអ្នកសារព័ត៌មានយើងទាំងអស់ ជួយឧបត្ថមជា ថវិកានិងសម្ភារៈ ដល់ លោក អ៊ុំ សារិន ប្រធានសមាគមការពារអ្នកកាសែត ដែលមានវ័យចាស់ជរាហើយមានជំងឺប្រចាំកាយទៀតផង។
នៅចុងបញ្ចប់នៃកម្មវិធីវគ្គបណ្ដុះបណ្ដាលក៏មានការចែកជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ជាអ្នកសារព័ត៌មានទាំងអស់ព្រមទាំងមានការជួបជុំគ្នាហូបអាហារសាមគ្គីរួមគ្នាក្រោមបរិយាកាសជាភាតរភាព ដ៏សប្បាយរីករាយបំផុត៕
No comments