លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូបរ័ពេទ្យ ជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូក
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូបរ័ពេទ្យ ជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូក
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃ២៤ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជូនអូបរ័ពេទ្យ របស់ក្រុមហ៊ុនលោកឧកញ៉ា ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រ ហើយបាត់ខ្លួនក្នុងលម្ហសមុទ្រ តាមការស្នើសុំពីក្រុមគ្រួសារជនរងគ្រោះ។
សេចក្តីរាយការណ៍ ពីក្រុមគ្រួសារ ជនរងគ្រោះ ឲ្យដឹងថា បុរសរងគ្រោះ គឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ចូលទៅក្នុងសមុទ្រ នៅចំនុចដាវលេខ ៤៣_៧៩០ ម្តុំខាងក្រោយឃ្លាំងស្តុកប្រេងសូគីមិច ចន្លោះពាក់កណ្តាលកោះដូង ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួចបាត់ខ្លួន។
សេចក្តីរាយការណ៍ពីម្ចាស់ទូកឈ្មោះ អ៊ុក ស៊ិន ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅលើទូក មានស្រុកកំណើត ភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែបឲ្យដឹងថា មុនកើតហេតុ ពួកគាត់បានចេញទៅនេសាទ មានគ្នាចំនួន ០៣នាក់ ហើយពេលកំពុងនេសាទក្នុងសមុទ្រ ជនរងគ្រោះដែលជាកូនដៃទូក បានធ្លាក់ទឹកបាត់ខ្លួន ហើយភ្លាមៗ ពួកគាត់ក៏បានស្វែងរកដែរ ប៉ុន្តែមិនប្រទះឃើញ។
ជនរងគ្រោះឈ្មោះ ហ៊ូត ចាន់ ភេទប្រុស អាយុ ៤២ឆ្នាំ មានប្រពន្ធឈ្មោះ មាស សារី អាយុ ៤៥ឆ្នាំ មានស្រុកកំណើត នៅភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សុំបញ្ជាក់ថា រហូតមកត្រឹមព្រលប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយ ហើយក៏មិនទាន់ដឹងពីជោគវាសនារបស់ជនរងគ្រោះ ថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើបន្ត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងនគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រកាសប្រាប់បងប្អូនប្រជានេសាទក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមជួយរាយការណ៍មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893៕
No comments