អាសូរណាស់..ឪពុកម្តាយទៅធ្វើការរោងចក្រ ហើយជីដូនចេញទៅទិញម្ហូប ត្រឡប់មកវិញឃើញចៅទាំងពីរនាក់ស្លាប់យ៉ាងអាណោចអាធ័ម
អាសូរណាស់..ឪពុកម្តាយទៅធ្វើការរោងចក្រ ហើយជីដូនចេញទៅទិញម្ហូប ត្រឡប់មកវិញឃើញចៅទាំងពីរនាក់ស្លាប់យ៉ាងអាណោចអាធ័ម
ផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨:០៧នាទីខេត្តស្វាយរៀង៖ ក្មេងប្រុសពីរនាក់ បានស្លាប់យ៉ាង អាណោចអាធ័ម ខណៈដែលឪពុកម្តាយ ចេញទៅធ្វើការរោងចក្រ ដោយទុកឲ្យនៅជាមួយជីដូន បែរជាចុះទៅលេងទឹកខាងក្រោយផ្ទះ ពេលជីដូនរវល់ទិញម្ហូប ទើបបណ្តាលឱ្យលង់ស្លាប់ទាំងពីរនាក់ យ៉ាងសង្វេគ។
ករណីដ៏គួរឱ្យសង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង ០៩:១០នាទីព្រឹកថ្ងៃទី០៣ ខែកម្ភៈ ឆ្នាំ២០២២ នៅភូមិសង្គ្រោះ ឃុំសុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា៖ ក្មេងប្រុសដែលស្លាប់ទាំងពីរនាក់ ទី០១៖ មានឈ្មោះ រឿន ភក្ដ័ត្រា ភេទប្រុស អាយុ ៧ឆ្នាំ មានឪពុកឈ្មោះ ចាន់ ភក្តី មុខរបរធ្វើការរោងចក្រ និងម្ដាយឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ។
និងទី០២៖ មានឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ ៦ឆ្នាំ មានឪពុកឈ្មោះ សរ សំណាង មុខរបរធ្វើការរោងចក្រនិងម្ដាយឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ ដែលមានទីលំនៅរួមគ្នាក្នុង ភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជនរងគ្រោះទាំងពីរត្រូវជាបងប្អូនជីដូនមួយនិងគ្នា។
បើយោងតាមសាច់ញាតិរបស់កុមាររងគ្រោះបានអោយដឹងថា៖ នៅមុនពេលកើតកុមារទាំងពីរនាក់ និងប្អូនស្រីម្នាក់ទៀត ទាំងអស់បីនាក់ បាននាំគ្នាទៅលេងតាមមាត់ស្រះ ដែលនៅក្រោយផ្ទះចម្ងាយប្រហែល ១០ម៉ែត្រ ក៏បានចុះលេងទឹក ពីរនាក់ក្មេងប្រុស តែក្មេងស្រីម្នាក់ អាយុ ៣ឆ្នាំ មិនបានចុះលេងនោះទេ។
ប្រភពបានបន្តថា៖ ក្មេងស្រីដែលមិនបានចុះលេងឃើញ បងៗលង់ទឹក ក៏ស្រែកយំ ធ្វើអោយភ្ញាក់ផ្អើលដល់ជីដូននិងចៅប្រុសជំទង់ រត់ទៅកន្លែងស្រះទឹក ឃើញចៅស្រីឈរ និងឃើញស្បែកជើង របស់ចៅប្រុសទាំងពីរក៏សង្ស័យ បានឲ្យចៅប្រុសជំទង់ចុះទៅរាវរក ស្រាប់តែប្រទះឃើញក្មេងម្នាក់ និងរាវបន្តឃើញម្នាក់ទៀត បណ្តាលឲ្យមានការភ្ញាក់ផ្អើលអ្នកភូមិជិតនោះ មកចោមរោមមើល និងរាយការណ៍ទៅសមត្ថកិច្ច ហើយនាំគ្នាជួយសង្គ្រោះផងដែរ ប៉ុន្តែជាអកុសលក្មេងប្រុសទាំងពីរនាក់ បានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើនេះភ្លាម ក៏បានចុះមកដល់កន្លែងកើតហេតុ ជាមួយអាជ្ញាធរដែនដីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ដើម្បីពិនិត្យសាកសពបន្ទាប់ពីសមត្ថកិច្ចនិងគ្រូពេទ្យពិនិត្យ ឃើញថាសាកសពក្មេងប្រុសទាំងពីរនាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments