រន្ធត់ណាស់ ប្ដីក៏ស្លាប់ ប្រពន្ធផ្ទៃពោះ៤ខែ ស្លាប់ទាំងម្ដាយទាំងកូន ដោយសាររថយន្តដឹកខ្សាច់បុកនិងកិនឲ្យស្លាប់
រន្ធត់ណាស់ ប្ដីក៏ស្លាប់ ប្រពន្ធផ្ទៃពោះ៤ខែ ស្លាប់ទាំងម្ដាយទាំងកូន ដោយសាររថយន្តដឹកខ្សាច់បុកនិងកិនឲ្យស្លាប់
ផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៩:១៨នាទីភ្នំពេញ៖ ពុទ្ធោ, ប្ដីជិះម៉ូតូ Beat ដឹកប្រពន្ធ ដែលផ្ទៃពោះ៤ខែ ត្រូវរថយន្តបែនដឹកខ្សាច់ធុនធំ បេីកបួងចង្កូតបត់ស្ដាំទៅបុកពីក្រោយ និងកិនបណ្ដាលឲ្យស្លា.ប់ទាំង៣នាក់យ៉ាងអាណោចអាធ័ម ក្រោយពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសង្វេគនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៥ព្រឹកព្រលឹមស្រាងៗ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់ លេីផ្លូវ៦០ម៉ែត្រ កែងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងបេីតាមសមត្ថកិច្ចប្រចាំការគោលដៅច្រមុះជ្រូកក្បាលថ្នល់(កន្លែងកេីតហេតុ)បានប្រាប់ឲ្យដឹងថា បុរសរងគ្រោះជាប្ដីមានឈ្មោះ ញុល តុលា អាយុ ២១ឆ្នាំ និងប្រពន្ធឈ្មោះ យ៉េត ស្រីពៅ អាយុ ២១ឆ្នាំ ជនរងគ្រោះទាំង២នាក់រស់នៅស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាក Honda Beat ពណ៍ក្រហមលាយស ពាក់ស្លាកលេខកណ្ដាល 1AA-0031 ជាមធ្យោបាយធ្វេីដំណេីរ។
សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ គាត់ឃេីញម៉ូតូមួយគ្រឿងខាងលេី បើកបរដោយបុរសម្នាក់ ឌុបប្រពន្ធ ដែលមានផ្ទៃពោះ៤ខែ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជេីង ពេលទៅដល់ចំណុចផ្លូវ២៧១ កែងផ្លូវ៦០ម៉ែត្រ ស្រាប់តែរថយន្តបែនដឹកខ្សាច់ធុនធំម៉ាក DONGFANG ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3E-2788 បានបត់ស្ដាំឆ្ពោះឡើងទៅស្ពានអាកាសក្បាលថ្នល់ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តគិលានសង្គ្រោះរបស់មន្ទីរសម្រាកព្យាបាល សួគា៍ មកដឹកយកទៅសង្គ្រោះជីវិតដែរ តែជាអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធបានដាច់ខ្យល់ស្លាប់ រួមទាំងកូននៅក្នុងពោះទម្ងន់៤ខែម្នាក់ទៀតយ៉ាងអាណោចអាធ័ម ចំណែកតៃកុងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចគោលដៅច្រមុះជ្រូកក្បាលថ្នល់ឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកវាស់វែងចរាចរណ៍ខណ្ឌ ចុះធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ រីឯអ្នកបើករថយន្តបង្ក ត្រូវបានប្រគល់បន្តឲ្យខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនយកទៅធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ចំពោះសពជនរងគ្រោះជាប្រពន្ធ ត្រូវបានក្រុមគ្រួសារសាច់ញាតិខាងប្រពន្ធយកទៅធ្វើបុណ្យនៅឯស្រុកកំណើតនៅឯខេត្តព្រៃវែង និងសពជនរងគ្រោះជាប្ដី ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតស្រុកស្អាង ខេត្តកណ្ដាល៕
No comments