ហាងកាហ្វេជាច្រើនកន្លែង ក្នុងស្រុកកងមាស កំពុងតែបង្កបង្កើត បទល្មើសល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ ខណៈមន្ត្រីមូលដ្ឋានមិនហ៊ានប៉ះពាល់
ហាងកាហ្វេជាច្រើនកន្លែង ក្នុងស្រុកកងមាស កំពុងតែបង្កបង្កើត បទល្មើសល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ ខណៈមន្ត្រីមូលដ្ឋានមិនហ៊ានប៉ះពាល់
ផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០:៤២នាទីកំពង់ចាម៖ ទីតាំងល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ» ជាច្រើនកន្លែង តាមបណ្តាលហាងកាហ្វេ ស្ថិតនៅក្នុងឃុំស្ដៅ-ឃុំរកាអារ-ឃុំសូរគង និងនៅតាមបណ្តាលឃុំផ្សេងៗទៀត ក្នុងមូលដ្ឋានស្រុកកងមាស កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចក្នុងមូលដ្ឋាន ឆ្លើយប្រាប់សារព័ត៌មានថា មិនហ៊ានប៉ះពាល់ ព្រោះគ្មានបញ្ជាពីលោក ជា ជួន អធិការស្រុកកងមាស។
ពលរដ្ឋជាច្រើនកំពុងតែមានការងើយឆ្ងល់ថា បទល្មើស កំពុងតែបង្កបង្កើត ជាក់ស្តែង នៅនឹងភ្នែកហើយ បែរជាមិនហ៊ានបង្ក្រាប ហើយឆ្លើយថានេះឆ្លើយថានោះ តើឱ្យពលរដ្ឋសង្ឃឹមអ្វី!
ពលរដ្ឋបានលើកឡើងទៀតថា៖ តើឯណាទៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា បានហាមដាច់ខាតមិនឲ្យមានល្បែងស៊ីសងភ្នាល់គ្រប់ប្រភេទ។
ប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស មេត្តាកុំនៅសម្ងំស្ងៀម គួរតែចេញបទបញ្ជា ដល់មន្ត្រីក្រោមឪវាទតាមបណ្តាលឃុំនីមួយៗ ចុះបង្ក្រាបផង ព្រោះថា បើគ្មានបញ្ជាពីលោកអធិការទេ មន្ត្រីប៉ុសិ៍ទាំងអស់មិនហ៊ានប៉ះពាល់បទល្មើសទាំងនោះទេ (ពោលគឺ៖ ខ្លាចមេថាធ្វើអ្វីមិនសុំគោលការណ៍)។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ខាងសារព័ត៌មានយើង ក៏បានរាយការណ៍ តាមរយៈទូរស័ព្ទទៅកាន់លោក ជា ជួន អធិការស្រុកកងមាស ផងដែរ ប៉ុន្តែចំណាត់ការមិនដឹងថាយ៉ាងណាយ៉ាងណីទេ។ មានតែរង់ចាំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធ បន្តទៀត។
សូមជម្រាបថា៖ ទីតាំងដែលខាងសារព័ត៌មានយើងផ្សាយ ដូចបានរៀបរាប់តាមឃុំខាងលើនេះ គឺជាទីតាំងចាស់ៗ ហើយកន្លមកក៏ធ្លាប់មានកិច្ចសន្យាផងដែរ នេះបើយោងតាមសមត្ថកិច្ច! (ពោលគឺ៖ កិច្ចសន្យាជ្រាំដែលៗ)៕
No comments