ទីតាំងល្បែងស៊ីសង មាន់ជល់ ស្ថិតនៅក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃ ក្នុងស្រុកស៊ីធរកណ្តាល កំពុងតែដំណើរការយ៉ាងគឃ្លើន ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាប_វគ្គ១
ទីតាំងល្បែងស៊ីសង មាន់ជល់ ស្ថិតនៅក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃ ក្នុងស្រុកស៊ីធរកណ្តាល កំពុងតែដំណើរការយ៉ាងគឃ្លើន ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាប_វគ្គ១
ផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦:០៥នាទីព្រៃវែង៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ដុះស្លែ «មាន់ជល់ បង្គប់អាប៉ោង» ក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ ស្ថិតនៅក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កំពុងតែបើកដំណើរការយ៉ាងគឃ្លើន ដោយគ្មានខ្លាច ញញើតច្បាប់បន្តិចសោះឡើយ។
ពលរដ្ឋជាច្រើន កំពុងតែមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំខាងលើ ដែលកំពុងតែបន្តប្រមូលផ្តុំគ្នា លេងល្បែងភ្នាល់ដាក់លុយ ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានចុះបង្ក្រាប។
ចំណែកឯលោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាល បានបញ្ជាក់ប្រាប់សារព័ត៌មាននៅថ្ងៃទី១៩ កុម្ភៈ នេះថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គាត់បានជ្រាប និងដឹងច្បាស់ណាស់ ក៏ប៉ុន្តែលោកមិនហ៊ានចុះបង្រ្កាបទេ។ ស្រាប់តែមួយសន្ទុះក្រោយមក ស្រាប់តែមាន បុគ្គលម្នាក់ជាអ្នកសារព័ត៌មាន ខលមកកាន់អង្គភាពព័ត៌មានយើង ហើយបន្លំខ្លួនថាជាសមត្ថកិច្ច ស្រុកស៊ីធរកណ្តាល។
ចំពោះទង្វើអសមត្ថភាព របស់លោក សេង សាវ៉ន អធិការនគរបាលស្រុក បានធ្វើឲ្យពលរដ្ឋជាច្រើន អស់ជំនឿ និងស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត គឺ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
No comments