អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា កម្ពុជាគ្មានករណីចាប់បង្ខាំងជនជាតិចិន ដើម្បីធ្វើទាសករលក់ឈាមនោះទេ!
អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា កម្ពុជាគ្មានករណីចាប់បង្ខាំងជនជាតិចិន ដើម្បីធ្វើទាសករលក់ឈាមនោះទេ!
ផ្សាយបន្តនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៩:០៥នាទីភ្នំពេញ៖ អ្នកនាំពាក្យ នៃអគ្គស្នងដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីបភ្លឺបកស្រាយការពិត ចំពោះការប្រឌិតព័ត៌មានថា មានករណីចាប់បង្ខាំងជនជាតិចិនធ្វើជាទាសករលក់ឈាម នៅតំបន់ឆៃណាថោន ខេត្តព្រះសីហនុ ដែលធ្វើឲ្យប៉ះពាល់បរិយាកាស និងចិត្តសាស្រ្តសង្គម ព្រមទាំងធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់សាធារណៈមតិជាតិ អន្តរជាតិជាច្រើន។
ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មានទទួលបាន បានបញ្ជាក់ទាំងស្រុងដូចខាងក្រោម៖
បន្ទាប់ពីទទួលបានព័ត៌មានអកុសលខាងលើ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចង្អុលដឹកនាំអង្គភាពជំនាញ ឲ្យចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតជាបន្ទាន់ ដោយធ្វើការត្រួតពិនិត្យទីតាំងពាក់ព័ន្ធជាច្រើនកន្លែង និងប្រមូលចម្លើយសាក្សីមួយចំនួន ព្រមទាំងបានរកឃើញថា ព័ត៌មានខាងលើជាព័ត៌មានប្រឌិត ដែលរៀបចំដោយឈ្មោះ LuYA YUAN LUN ភេទប្រុស ជនជាតិចិន អាយុ ៣១ឆ្នាំ (ស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យប៊ីធនកម្ពុជា-ចិន រាជធានីភ្នំពេញ) និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ ដែលក្នុងនោះ៖
ទី១៖ ឈ្មោះ LI YA YUAN LUN ដែលអះអាងថា ជាជនរងគ្រោះ ធាតុពិតជនរូបនេះបានលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ ប៉ុន្តែអាស្រ័យដោយមានជំងឺប្រចាំកាយ ក៏បានទាក់ទងមនុស្សមួយក្រុម ដើម្បីជួយរកវិធីដោះស្រាយបញ្ហារបស់ខ្លួន។
ទី២៖ អ្នកពាក់ព័ន្ធចំនួន ០៣នាក់ គឺជាអ្នកជួយដល់ឈ្មោះ LI YA YUAN LUN ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយ អំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយដល់ឈ្មោះ LI YA YUAN LUN គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។
បច្ចុប្បន្នឈ្មោះ YAYUAN UN និងអ្នកពាក់ព័ន្ធចំនួន ០៣នាក់ (ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋាន សារព័ត៌មាន និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ធ្វើការកែសម្រួលឡើងវិញនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតខាងលើដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណៈមតិជាតិ អន្តរជាតិ។
ទន្ទឹមគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏មានសំណូមពរដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនត្រូវផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ជាពិសេសចៀសវាងធ្វើការសន្និដ្ឋាន ហេតុការណ៍ណាមួយដោយអត្តនោម័ត ពុំមានភស្តុតាងច្បាស់លាស់ នាំឲ្យប៉ះពាល់ដល់បរិយាកាសសង្គម និងបង្កឲ្យមានភាពភ័យខ្លាចដល់ទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេសនៅកម្ពុជា៕
No comments