លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ជល់មាន់
លោកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ជល់មាន់
ផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០:៣៥នាទីបន្ទាយមានជ័យ៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះបង្រ្កាបទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅចំណុចស្រះទឹកជាប់ក្លិបថាច់ដោន ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នេះបើតាមរបាយការណ៍ដែលសារព័ត៌មានយើងទើបទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា៖ កម្លាំងនគរបាលជំនាញបានចុះទៅដល់ចំណុចទីតាំងសង្វៀនជល់មាន់ តាមសេចក្តីរាយការណ៍ បានសង្កេតឲ្យឃើញថា ទីតាំង សង្វៀនមាន់ជល់មួយនេះ បានបិទមុនសមត្ថកិច្ច ទៅដល់ ហើយមិនឃើញមានក្រុមអ្នកញៀនល្បែងជល់មាន់ នៅលេងទៀតនោះទេ គឺឃើញតែសន្តិសុខ ដែលយាមទីនោះ។ ក្នុងនោះគេសង្កេតឃើញទៀតថា កម្លាំងជំនាញនៃអធិការក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន បានហៅសន្តិសុខនៅចំណុចនោះ មកណែនាំផងដែរ ដោយសារមិនបានជួបជាមួយ ម្ចាស់ទីតាំងនោះទេ។
មហាជនជាច្រើនបានសំដែងនូវក្តីរីករាយ និងសាទរចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដែលកន្លងមកលោកតែងតែយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕
No comments